(វ៉ាស៊ីនតោន)៖ ក្រសួងយុត្តិធម៌អាមេរិកទើបតែបានប្រកាសថា នឹងធ្វើការត្រួតពិនិត្យលើរបៀបប្រកួតប្រជែងរបស់ក្រុមហ៊ុនអនឡាញល្បីៗ ដែលកំពុលនាំមុខក្នុងទីផ្សារដូចជា Apple, Facebook, Google និង Amazon ជាដើម។ ប៉ុន្តែទង្វើនេះត្រូវអ្នកវិភាគយល់ថា វាអាចក្លាយជាឧបសគ្គរាំងស្ទះយ៉ាងធំមួយ ចំពោះប្រសិទ្ធភាព និងគំនិតច្នៃបង្កើតថ្មីនាសម័យទំនើបនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា ឆ្នាំ២០១៩។
នាថ្ងៃអង្គារសប្តាហ៍នេះ ទីភ្នាក់ងារដែលមានតួនាទីពង្រឹងការគោរព «ច្បាប់ប្រកួតប្រជែងក្នុងទីផ្សារ» របស់ក្រសួងយុត្តិធម៌អាមេរិកបានឲ្យដឹងថា ខ្លួនបានបើកការស៊ើបអង្កេតមួយ ដើម្បីវាយតម្លៃមើលទៅលើស្ថានភាពការប្រកួតប្រជែង នៅលើទីផ្សារអនឡាញ ក្រោមគោលដៅធានាថា អាមេរិកមានទីផ្សារដែលក្រុមហ៊ុននានាធ្វើការប្រកួតប្រជែងគ្នា ដោយឈរលើឧត្តមភាពត្រឹមត្រូវ ក្នុងការផ្តល់សេវាកម្មដែលអ្នកប្រើប្រាស់ចង់បាន។
គួរជម្រាបថា យ៉ាងណាមិញបើតាមការយល់ឃើញរបស់សេដ្ឋវិទូជនជាតិអូស្រ្តាលី លោក ស្ទេវ ឃីន (Steve Keen) រដ្ឋាភិបាលអាមេរិក គួរតែដោះស្រាយបញ្ហាជាមួយ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សទាំងនេះ តាមមធ្យោយបាយផ្សេងវិញ ជាងការប្រើច្បាប់ប្រឆាំងការប្រកួតប្រជែងដោយមិនស្មើភាពនេះ ព្រោះវាអាចនឹងប៉ះពាល់ដល់ គំនិតបង្កើតថ្មី និងប្រសិទ្ធភាពជាខ្លាំង។
លោក Keen បានគូសបញ្ជាក់ថា សម័យទំនើបបច្ចុប្បន្ន គឺមិនដូចកាលពីអំឡុងសតវត្សរ៍ទី ១៩ នោះឡើយ ដោយទីផ្សារក្នុងសម័យកាល ដែលបច្ចេកវិទ្យាមានសារសំខាន់ជាទីបំផុតដូចសព្វថ្ងៃនេះ ការប្រមូលផ្តុំគ្នាទៅប្រើប្រាស់ផលិតផល ក៏ដូចជាសេវាកម្មរបស់ក្រុមហ៊ុនដូចជា Facebook Google និង Amazon កាន់តែច្រើនប៉ុណ្ណា គឺវាកាន់តែល្អប៉ុណ្ណឹងទៅតាមនោះដែរ ពោលគឺកាន់តែមានគំនិតបង្កើតថ្មី និងកាន់តែមានប្រសិទ្ធភាព។ បើតាមលោក Keen វាសំខាន់ខ្លាំងណាស់ក្នុងការបែងចែកឲ្យដាច់រវាងក្រុមហ៊ុន ដែលលើកកម្ពស់នវានុវត្ដន៍ និងក្រុមហ៊ុនដែលព្យាយាមក្រសោបយកទីផ្សារមកគ្រប់គ្រងតែឯង៕