(កាប៊ុល)៖ មនុស្សយ៉ាងហោចណាស់ ០៧នាក់បានស្លាប់ និង ២១នាក់ទៀតរងរបួស ក្រោយគ្រាប់បែកបានផ្ទុះចំរថយន្តក្រុងមួយគ្រឿង នៅឯរដ្ឋធានីកាប៊ុលនៃប្រទេសអាហ្វហ្គានីស្ថាន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នារសៀលថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា ឆ្នាំ២០១៩។
យោងតាមអ្នកនាំពាក្យក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថាន មនុស្សភាគច្រើនដែលធ្វើដំណើរលើរថយន្តក្រុងរងការវាយប្រហារ គឺជាមន្រ្តីរាជការមកពីក្រសួងធនធានរ៉ែ និងប្រេងអាហ្វហ្គានីស្ថាន។ ក្នុងចំណោមអ្នកបាត់បង់ជីវិត នោះមានស្រ្តី ០៥នាក់ និងក្មេងម្នាក់ ខណៈរដ្ឋាភិបាលទីក្រុងកាប៊ុល បានចេញមុខថ្កោលទោសធ្ងន់ៗថា វាជាទង្វើអមនុស្សធម៌បំផុតមួយថ្មីទៀត ដែលបានផ្តាច់ជីវិតជនស្លូតត្រង់។
គួរជម្រាបថា ក្នុងថ្ងៃព្រហស្បតិ៍ដដែលនេះ ក៏មានករណីបំផ្ទុះគ្រាប់បែក ០២ផ្សេងទៀតផងដែរ កើតមានឡើងក្នុងទីក្រុងកាប៊ុល តែមិនទាន់មានការបញ្ជាក់ថា មានមនុស្សរងគ្រោះដោយសារករណីទាំងនោះ ឬក៏អត់ទេ។ រីឯកាលពីថ្ងៃពុធក៏មានការបំផ្ទុះគ្រាប់ បែកលើក្បួនរថយន្តរបស់កម្លាំងយោធា ដែលដឹកនាំដោយអង្គការ NATO ហើយកាលពីថ្ងៃសុក្រសប្តាហ៍មុនវិញ គឺករណីបំផ្ទុះគ្រាប់បែកនៅក្បែរសាកលវិទ្យាល័យធំមួយ ដែលកន្លែងកើតហេតុសុទ្ធតែនៅក្នុងទីក្រុងកាប៊ុល។
សកម្មភាពវាយប្រហារទាំងអស់នេះ បានកើតមានចំពេលរដ្ឋាភិបាលអាហ្វហ្គានីស្ថាន កំពុងបន្តការប្រយុទ្ធគ្នាជាមួយក្រុមឧទ្ទាមជាពិសេសក្រុមតាលីបង់ ហើយទន្ទឹមគ្នា ក្រុមតាលីបង់កំពុងស្ថិតក្នុងដំណើរការចរចា សំដៅរកសន្តិភាពជាមួយអាមេរិកនៅប្រទេសកាតា៕