(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ម៉ាក អ៊ែស្ពើ (Mark Esper) បានសន្យាថា លោកនឹងបន្តរក្សាវត្តមាននាវាចម្បាំង និងយន្ដហោះចម្បាំងនៅក្នុងតំបន់ឈូងសមុទ្រពែក ដើម្បីការពារកប៉ាល់ដឹកទំនិញអាមេរិក បន្ទាប់ពីអ៊ីរ៉ង់បានរឹបអូស កប៉ាល់ដឹកប្រេងដោតទង់ជាតិអង់គ្លេសមួយគ្រឿង ជាការសងសឹកនឹងការរឹបអូសកប៉ាល់ដឹកប្រេងអ៊ីរ៉ង់ កាលពីដើមខែកក្កដា។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា ឆ្នាំ២០១៩។
លោក Mark Esper ត្រូវបានព្រឹទ្ធសភាបោះឆ្នោតទទួលស្គាល់ ជារដ្ឋមន្ត្រីការពារជាតិផ្លូវការ កាលពីថ្ងៃអង្គារ ហើយគ្រាន់តែស្បថចូលកាន់តំណែងបានបីម៉ោងប៉ុណ្ណោះ លោកបានកត់សម្គាល់ភ្លាមថា មន្ទីរបញ្ចកោណនឹងទប់ស្កាត់រាល់សកម្មភាពបង្ករឿងរបស់អ៊ីរ៉ង់ ដែលធ្វើឱ្យប៉ះពាល់ដល់សេរីភាពនាវាចរ។ លោក Esper បានគូសបញ្ជាយ៉ាងដូច្នេះថា «យើងនឹងតាមការពារកប៉ាល់របស់យើង ប្រឈមមុខនឹងហានិភ័យនានា... តែខ្ញុំគិតថាប្រទេសដទៃក៏នឹងចាត់វិធានការ ដើម្បីការពារ កប៉ាល់របស់ពួកគេផងដែរ»។
គួរបញ្ជាក់ថា ភាពតានតឹងខ្លាំងបានផ្ទុះឡើងជាថ្មី បន្ទាប់ពីឆ្មាំបដិវត្តន៍អ៊ីរ៉ង់កាលពីថ្ងៃសុក្រ សប្ដាហ៍មុនបានរឹបអូសកប៉ាល់ដឹកប្រេងមួយគ្រឿង ដោតទង់ជាតិអង់គ្លេសឈ្មោះ ស្ទេណា អ៊ីភែរ៉ូ (Stena Impero) តែជាកម្មសិទ្ធិនៃក្រុមហ៊ុនមួយរបស់ស៊ុយអែត នៅឯចក្រសមុទ្រ ហ័រមូស (Hormuz) ដោយអាជ្ញាធរអ៊ីរ៉ង់បានអះអាងថា កប៉ាល់នេះបានរំលោភច្បាប់ដែនសមុទ្រ៕