(អាឡាស្កា)៖ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចាប់ផ្ដើមឡើងវិញនូវ គំរោងស្ថាបនាផ្លូវ កាត់តាមតំបន់ទីជម្រកសត្វព្រៃជាតិមួយ នៅក្នុងរដ្ឋអាឡាស្កា បើទោះជា ចៅក្រមសហព័ន្ធម្នាក់ធ្លាប់ចាត់ទុកថាគំរោងនេះផ្ទុយទៅនឹងច្បាប់ក៏ដោយ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា ឆ្នាំ២០១៩។
ប្រព័ន្ធផ្សាយនៅក្នុងរដ្ឋអាឡាស្កា បានឱ្យដឹងទៀតថា រដ្ឋមន្ត្រីមហាផ្ទៃអាមេរិក លោក David Bernhardt និងនាយកប្រតិបត្តិតំបន់ King Cove លោកស្រី Della Trumble បានចុះហត្ថាលេខាងលើកិច្ចព្រមព្រៀងដោះដូរដី នៅក្នុងតំបន់ទីជម្រកសត្វព្រៃជាតិ Izembek ស្ថិតនៅភាគអាគ្នយ៍នៃរដ្ឋអាឡាស្កា ដើម្បីស្ថាបនាផ្លូវមួយខ្សែកាត់តាមតំបន់នេះ។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងខាងលើ ត្រូវបានចុះហត្ថលេខាដោយលោក Bernhardt កាលពីថ្ងៃទី៣ ខែកក្កដា និងដោយលោកស្រី Della នៅថ្ងៃទី១២ ខែកក្កដា។ ចំណែកឯ ក្រុមអ្នកគាំទ្រគំរោងនេះ បានអះអាងថាការស្ថាបនាផ្លូវនេះនឹងជួយដល់ប្រជាជនរស់នៅក្នុង តំបន់ King Cove ងាយស្រួលក្នុងការធ្វើដំណើរ ជាពិសេសនៅពេលជម្លៀសខ្លួនពីខ្យល់ព្យុះជាដើម។
ប៉ុន្តែ ក្រុមអ្នកការពារបរិស្ថាន យល់ថាផ្លូវនេះនឹងបំផ្លាញដល់ជម្រកសត្វព្រៃ ខណៈប្រជាជន នៅក្នុងតំបន់មានជម្រើសផ្សេងជាច្រើនជុំវិញតម្រូវការសេវាកម្មបន្ទាន់នានា។ បន្ថែមពីលើនេះ អ្នកទាំងនេះក៏បានចាត់ទុកផងដែរថាថាគំរោងនេះទៀតសោត គឺមានចេតនាបម្រើដល់ ផលប្រយោជន៍នៃការធ្វើពាណិជ្ជកម្មនេសាទតែប៉ុណ្ណោះ៕