លោក គីម ជុងអ៊ុន៖ ការបាញ់សាកល្បងមីស៊ីល គឺជាសារព្រមាន ផ្ញើជូនជនល្មោភសង្រ្គាម នៅកូរ៉េខាងត្បូង (Video inside)
26-07-2019 09:29
(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា ការបាញ់សាកល្បង មីស៊ីលលើកចុងក្រោយបំផុតមួយ កាលពីថ្ងៃព្រហស្បតិ៍ គឺជាសារព្រមានផ្ញើជូនជនល្មោភ សង្រ្គាមទាំងឡាយនៅក្នុងប្រទេសកូរ៉េខាងត្បូង ឱ្យបញ្ឈប់ការនាំចូលអាវុធ និង សមយុទ្ធយោធា។ នេះបើតាម KCNA ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៦ ខែកក្កដា ឆ្នាំ២០១៩។
សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA នៅក្នុងបទអត្ថាធិប្បាយ ចេញផ្សាយនៅថ្ងៃសុក្រនេះ បានឱ្យដឹងទៀតថា លោក គីម ជុងអ៊ុន បានចូលរួមទស្សនា និងបញ្ជាការបាញ់សាកល្បង មីស៊ីលរយៈចំងាយខ្លីពីរគ្រាប់ ដែលជាការធ្វើតេស្ដលើកដំបូងបំផុត ចាប់តាំងពីលោក និងលោក ដូណាល់ ត្រាំ ព្រមព្រៀងគ្នាចាប់ផ្ដើមកិច្ចចរចានុយក្លេអ៊ែរឡើងវិញ កាលពីចុង ខែមិថុនា កន្លងទៅ។
បន្ថែមពីលើនេះ បើតាម KCNA លោក គីម ជុងអ៊ុន ក៏បានគូសបញ្ជាក់នាឱកាសនោះ ដូច្នេះដែរថា៖ «យើងមានតែប្រឹងអភិវឌ្ឍប្រព័ន្ធអាវុធឱ្យកាន់តែខ្លាំងប៉ុណ្ណោះ ដើម្បី លុបបំបាត់ការគំរាមកំហែងមកលើសន្តិសុខជាតិនៃប្រទេសរបស់យើង ដែលកំពុងមាន វត្តមាននៅខាងត្បូង (កូរ៉េខាងត្បូង)»។
គួរជម្រាបថា បើតាម យោធាកូរ៉េខាងត្បូង កាលពីថ្ងៃព្រហស្បតិ៍ ទីក្រុងព្យុងយ៉ាងបានបាញ់ សាកល្បងមីស៊ីលរយៈចំងាយខ្លីចំនួន ០២គ្រាប់ ចេញពីទីក្រុងវ៉ុនសាន (Wonsan) នៃឆ្នេរភាគខាងកើតប្រទេស ដោយវាហោះបានចំងាយ ៤៣០គីឡូម៉ែត្រ មុនធ្លាក់ចូល សមុទ្រជប៉ុន។ ប៉ុន្តែ នៅក្នុងសេចក្ដីថ្លែងការណ៍ដាច់ឡែកមួយផ្សេងទៀត យោធា កូរ៉េខាងត្បូង ក៏បានអះអាងដែរថា គ្រាប់មីស៊ីលទីពីរហោះបានចំងាយ ៦៩០គីឡូម៉ែត្រ ហើយវាជាប្រភេទមីស៊ីលស៊េរីថ្មីចុងក្រោយបំផុត ដែលគេមិនបានឃើញពីមុនមកឡើយ។
ម្យ៉ាងវិញទៀត ទោះបីជា KCNA មិនបានលើកចំឈ្មោះលោក ដូណាល់ ត្រាំ ឬសហរដ្ឋអាមេរិក ក៏ដោយ តែបានសង្កត់ធ្ងន់ថា លោក គីម ជុងអ៊ុន បានរិះគន់យ៉ាងខ្លាំង ចំពោះគំរោងធ្វើសមយុទ្ធយោធារវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នៅខែសីហា ខាងមុខនេះ ព្រមទាំងការបន្តនាំចូលអាវុធអាមេរិកពីសំណាក់ទីក្រុងសេអ៊ូល ផងដែរ៕