(វ៉ាស៊ីនតោន)៖ រដ្ឋាភិបាលសហព័ន្ធអាមេរិកនឹងអនុវត្តន៍ ការកាត់ទោសប្រហារជីវិតឡើងវិញលើអ្នកទោសជាច្រើននាក់ ក្រោយត្រូវបានផ្អាកអស់រយៈពេលជាង ១៦ឆ្នាំមកនេះគិតចាប់តាំងពីឆ្នាំ២០០៣។ នេះបើតាមប្រភពពីក្រសួងយុត្តិធម៌អាមេរិក ចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃសុក្រ ទី២៦ ខែកក្កដា ឆ្នាំ២០១៩។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ រដ្ឋមន្ត្រីយុត្តិធម៌អាមេរិក (អគ្គរដ្ឋអាជ្ញា) លោក វីលលៀម បារ (William Barr) បានបញ្ជាឱ្យការិយាល័យពន្ធនាគារ (BOP) កំណត់កាលបរិច្ឆេទកាត់ទោសប្រហារជីវិតអ្នកទោស ០៥នាក់ ដែលត្រូវបានផ្ដន្ទាទោសពីបទមនុស្សឃាត និងរំលោភផ្លូវភេទលើកុមារ ឬមនុស្សចាស់។ ការទោសប្រហារជីវិតអ្នកទោសទំាងនេះ អាចនឹងត្រូវអនុវត្តនៅខែធ្នូ ឆ្នាំ២០១៩ និងខែមករា ឆ្នាំ២០២០។
គួរបញ្ជាក់ថា កាលពីឆ្នាំ១៩៧៦ តុលាការកំពូលអាមេរិក បានសម្រេចដំណើរការច្បាប់ កាត់ទោសប្រហារជីវិតឡើងវិញ នៅតាមបណ្ដារដ្ឋមួយចំនួននៅក្នុងសហរដ្ឋអាមេរិក ហើយក្នុងឆ្នាំ១៩៨៨ ទើបរដ្ឋាភិបាលសហព័ន្ធអាមេរិកសម្រេចអនុម័តច្បាប់នេះតែម្តង។ ដោយឡែកបើតាមទិន្នន័យ បានមកពីមជ្ឈមណ្ឌលព័ត៌មានស្ដីពីទោសប្រហារជីវិត អ្នកទោសចំនួន ៧៨នាក់ត្រូវបានផ្ដន្ទាទោសប្រហារជីវិត ដោយតុលាការសហព័ន្ធអាមេរិក នៅចន្លោះឆ្នាំ១៩៨៨ និងឆ្នាំ២០១៨។ ប៉ុន្តែកាលណោះអ្នកទោស ០៣នាក់ប៉ុណ្ណោះ ត្រូវបានយកទៅប្រហារជីវិត ខណៈបច្ចុប្បន្នមានអ្នកទោស ៦២នាក់កំពុងស្ថិតនៅក្នុងការផ្អាកប្រហារជីវិតនៅឡើយ៕