(ប៉ារីស)៖ រដ្ឋមន្រ្តីការពារជាតិបារាំង នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះបានប្រកាសឲ្យដឹងពី គម្រោងអភិវឌ្ឍន៍សព្វាវុធសម្រាប់កម្ទេចផ្កាយរណប ដោយប្រើបច្ចេកវិទ្យាកាំរស្មីឡាស៊ែរ តែមានគោលដៅសម្រាប់ការការពារខ្លួនឯង ពីការគំរាមកំហែងតែប៉ុណ្ណោះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានបារាំង AFP នៅព្រឹកថ្ងៃសុក្រ ទី២៦ ខែកក្កដា ឆ្នាំ២០១៩។
រដ្ឋមន្រ្តីការពារជាតិបារាំងលោកស្រី ផ្លូរែន ផាលី (Florence Parly) បាននិយាយថា «ប្រសិនបើផ្កាយរណបរបស់យើងស្ថិតនៅក្រោមការគំរាមកំហែង យើងនឹងវាយប្រហារទៅលើផ្កាយរណបរបស់គូសត្រូវយើងវិញ ពោលគឺយើងមានសិទ្ធិ និងមធ្យោបាយដើម្បីឆ្លើយតប។ ក្នុងនោះអាចជាការប្រើ បច្ចេកវិទ្យាកាំរស្មីឡាស៊ែរ ដែលបញ្ចេញពីផ្កាយរណបរបស់យើង ឬពីផ្កាយរណបតូចៗប្រភេទណាណូ ដែលមានតួនាទីល្បាតជាដើម»។
បើតាមលោកស្រី Parly បារាំងនឹងអភិវឌ្ឍន៍ឲ្យបានអាវុធឡាស៊ែរដ៏ខ្លាំងក្លា ព្រោះវាជាចំណុចដែលបារាំងហាក់ដើរនៅក្រោយគេ ដូច្នេះប្រទេសលោកស្រីនឹងប្រឹងប្រែងរត់ឲ្យទាន់គេវិញ។ កាលពីថ្ងៃទី១៣ ខែកក្កដានេះ ប្រធានាធិបតីបារាំង លោក ម៉ាក្រុង ទើប តែបានប្រកាសពីផែនការរបស់លោក ក្នុងការបង្កើតកងអង្គភាពយោធាមួយចំណុះកងទ័ពអាកាសបារាំង ដែលនឹងទទួលបន្ទុក ផ្នែកអវកាស ដោយវានឹងចាប់ផ្តើមលេចរូបរាងឡើងនៅខែកញ្ញា ឆ្នាំ២០២០។
គួរជម្រាបថា ប្រទេសជាមហាអំណាចយោធាធំៗនៅលើពិភពលោក កំពុងតែយកចិត្តទុកដាក់លើការអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ ពាក់ព័ន្ធនឹងផ្នែកអវកាស ហើយអ្វីដែលត្រូវបានផ្តោតសំខាន់ជាងគេនោះ គឺសមត្ថភាពកម្ទេចឬបង្អាក់ដំណើរការផ្កាយរណប ដែលស្ថិតក្នុងទីអវកាស។ សព្វថ្ងៃមានផ្កាយរណបប្រមាណ ២,០០០គ្រឿង ដែលកំពុងធ្វើសកម្មភាពនៅជុំវិញផែនដី។ មុខងារភាគច្រើននៃពួកវា គឺសម្រាប់ការទាក់ទងនៅលើផែនដី ប៉ុន្តែក៏មានការតាមដានអាកាសធាតុ និងស៊ើបការណ៍ផងដែរ។
បើតាមអ្នកជំនាញ សហរដ្ឋអាមេរិក សហព័ន្ធរុស្ស៊ី និងប្រទេសចិន សុទ្ធតែមានសមត្ថភាព កម្ទេចផ្កាយរណបរបស់សត្រូវ តាមរយៈការប្រើមីស៊ីល បាញ់ចេញពីផ្ទៃផែនដី ឬក៏ការប្រើផ្កាយរណបនៅលើទីអវកាសផ្ទាល់ ដើម្បីយកទៅបំបុកកម្ទេចចោលតែម្តង។ កាលពីខែមីនាកន្លងទៅនេះ ឥណ្ឌាក៏បានបង្កការព្រួយបារម្ភ កាន់តែខ្លាំងថែមទៀត តាមរយៈការធ្វើតេស្តប្រើគ្រាប់មីស៊ីល អាចបាញ់ផ្កាយរណបខូចរបស់ខ្លួនឯងមួយគ្រឿង។ ជោគជ័យនេះបានធ្វើឲ្យនាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី និយាយថា ប្រទេសលោកបានក្លាយជាប្រទេសទី ៤ បន្ទាប់ពីប្រទសយក្សៗទាំងបីខាងលើ ដែលមានសមត្ថភាពបែបនេះ៕