(វ៉ាស៊ីនតោន)៖ នាយកទីភ្នាក់ងារស៊ើបការណ៍សំងាត់ជាតិអាមេរិក លោក Dan Coats បានក្លាយជាមន្ត្រីជាន់ខ្ពស់អាមេរិកចុងក្រោយបំផុត ដែលនឹងដើរចេញពីរដ្ឋបាល ប្រធានាធិបតីលោក ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃចន្ទ ទី២៩ ខែកក្កដា ឆ្នាំ២០១៩។
ការសម្រេចចិត្តលាលែងចេញពីតំណែងរបស់ លោក Dan Coats ត្រូវបានប្រកាស ដោយលោក ដូណាល់ ត្រាំ។ នៅលើសារមួយបង្ហោះលើ Twitter កាលពីថ្ងៃអាទិត្យ (ម៉ោងនៅវ៉ាស៊ីនតោន) លោក ត្រាំ ក៏បានបញ្ជាក់ដែរថា លោក Coats នឹងលាលែងចេញ ពីតំណែងនៅពាក់កណ្ដាលខែសីហា ខាងមុខនេះ ហើយសមាជិកសភាមកពីរដ្ឋតិចសាស់ លោក John Ratcliffe នឹងឡើងកាន់តំណែងជានាយកទីភ្នាក់ងារស៊ើបការណ៍សំងាត់ ជាតិអាមេរិកថ្មី។
គួរជម្រាបថា លោក ដូណាល់ ត្រាំ មិនបានបញ្ជាក់លម្អិតពីមូលហេតុនៃការចាកចេញ របស់លោក Dan Coats នោះទេ។ ប៉ុន្តែលោក ត្រាំ និងលោក Coats ធ្លាប់មានការខ្វែង គំនិតគា្នជាច្រើនលើកពាក់ព័ន្ធនឹងរុស្ស៊ី កូរ៉េខាងជើង ជាពិសេសគឺការវាយតម្លៃលើ ការគំរាមកំហែងរបស់អ៊ីរ៉ង់ ដែលលោក Coats អះអាងថាមិនមានសភាពធ្ងន់ធ្ងរ ខណៈ លោក ត្រាំ ថាទីក្រុងតេហេរ៉ង់ នៅតែជាការគំរាមកំហែងធ្ងន់ធ្ងរដល់សហរដ្ឋអាមេរិក៕