អង់គ្លេសបន្ថែមនាវាចម្បាំងមួយគ្រឿងទៀត ទៅកាន់ឈូងសមុទ្រពែក ខណៈអ៊ីរ៉ង់នៅតែមិនព្រមដោះលែងកប៉ាល់ដឹកប្រេង (Video inside)
29-07-2019 10:26
(ឡុងដ៍)៖ កន្លងមកចក្រភពអង់គ្លេសមាននាវាចម្បាំងតែមួយគ្រឿងប៉ុណ្ណោះ ដែលធ្វើប្រតិបត្តិការនៅតំបន់ឈូងសមុទ្រពែក ប៉ុន្តែនាពេលនេះនាវាចម្បាំងមួយគ្រឿងទៀត ត្រូវបានបញ្ជូនទៅដល់តំបន់នោះ ក្រោយកប៉ាល់ដឹកប្រេងអង់គ្លេសមួយគ្រឿង ត្រូវបានអាជ្ញាធរអ៊ីរ៉ង់ចាប់ឃាត់ទុកជាងមួយសប្តាហ៍មកហើយ។ នេះបើតាមការដកស្រង់ ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃចន្ទ ទី២៩ ខែកក្កដា ឆ្នាំ២០១៩។
រដ្ឋាភិបាលអង់គ្លេសបានឲ្យដឹងថា នាវាពិឃាត HMS ដាន់ខេន (HMS Duncan) បានធ្វើដំណើរទៅដល់ឈូងសមុទ្រពែកហើយ ដើម្បីអមដំណើរ កប៉ាល់ស៊ីវិលរបស់ចក្រភពអង់គ្លេស ដែលឆ្លងកាត់តំបន់នោះ។ នាវាពិឃាត HMS Duncan ត្រូវបានកំណត់ថា នឹងធ្វើប្រតិបត្តិការនៅឈូងសមុទ្រពែកជាមួយនាវាចម្បាំង HMS ម៉ុនត្រូស (HMS Montrose) ដែលត្រូវបានចល័តទៅកាន់ទីនោះ កាលពីជិតបីសប្តាហ៍មុន រហូតដល់ចុងខែសីហា ហើយនឹងត្រូវជំនួសដោយនាវាចម្បាំងមួយគ្រឿងទៀតឈ្មោះ HMS ខេន (HMS Kent)។
គួរជម្រាបថា កងកម្លាំងយោធាអ៊ីរ៉ង់បានរឹបអូសយកកប៉ាល់ដឹកប្រេងអង់គ្លេស ស្ទេណា អ៊ីភែរ៉ូ (Stena Impero) នៅច្រកសមុទ្រហ័រមូស (Hormuz) ដែលនៅ ចន្លោះឈូងសមុទ្រពែក និងឈូងសមុទ្រអូម៉ង់ក្រោមហេតុផលថា កប៉ាល់នោះបានបំពានច្បាប់ដែនសមុទ្រអន្តរជាតិ។ ប៉ុន្តែបើតាមមើលទៅ វាទំនងជាការសងសឹកចំពោះទង្វើរបស់អង់គ្លេស ដែលបានចាប់ឃាត់ទុកកប៉ាល់ដឹកប្រេងអ៊ីរ៉ង់ នៅឯច្រកសមុទ្រ ជីប្រាល់តា (Gibraltar) ក្រោមហេតុផលថា កប៉ាល់នោះល្មើសនឹងទណ្ឌកម្មអន្តរជាតិ៕