(ម៉ូស្គូ)៖ ប្រធាននាយកដ្ឋានប្រតិបត្តិការពិសេស នៃអគ្គសេនាធិការយោធារុស្ស៊ី លោកឧត្តមសេនីយ៍ឯក Sergei Rudskoy បានចោទប្រកាន់សហរដ្ឋអាមេរិកត្រង់ៗតែ ម្ដងថាបាន និងកំពុងប្លន់យកប្រេងដោយខុសច្បាប់ពីប្រទេសស៊ីរី ដោយមានជំនួយពី ក្រុមឧទ្ទាមដែលខ្លួនបានបណ្ដុះបណ្ដាល។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃចន្ទ ទី២៩ ខែកក្កដា ឆ្នាំ២០១៩។
លោក Sergei Rudskoy បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានដ៏ខ្លីមួយនៅ ថ្ងៃចន្ទនេះ ដូច្នេះថា៖ «សហរដ្ឋអាមេរិកបានផ្ដល់ជំនួយជាអាវុធដល់កងកម្លាំងឃើដ ជាថ្នូរនឹងការទទួលបានជំនួយនៅក្នុងការដឹកជញ្ជូនប្រេងស៊ីរី ដោយខុសច្បាប់ទៅកាន់ តំបន់ទន្លេ Euphrates»។
លើសពីនេះទៅទៀត លោក Rudskoy បានអះអាងថា កងកម្លាំងដែលសហរដ្ឋអាមេរិក បានបណ្ដុះបណ្ដាល ថែមទាំង ផលិត និងលក់ប្រេងស៊ីរីដោយខុសច្បាប់ចេញពីតំបន់ ប្រេង al-Omar, Conaco និង Tanak ទៅកាន់តំបន់ទន្លេ Euphrates ទៀតផង។
គួរបញ្ជាក់ថា លោក Sergei Rudskoy ក្រៅតែពីប្លន់យកប្រេងស៊ីរី កងកម្លាំងដែល បណ្ដុះបណ្ដាលដោយយោធាអាមេរិក ក៏ទទួលបានការបណ្ដុះបណ្ដាលពីរបៀបបំផ្លាញ រដ្ឋារចនាសម្ព័ន្ធប្រេង និងឧស្ម័ន ព្រមទាំងវិធីសាស្ត្រវាយប្រហារប្រឆាំងនឹងកងកម្លាំង រដ្ឋាភិបាលស៊ីរីផងដែរ។ ប៉ុន្តែ នេះមិនមែនជាលើកទីមួយឡើយ ដែលទីក្រុងម៉ូស្គូ ចោទ ប្រកាន់បែបនេះលើសហរដ្ឋមេរិក ដែលតែងតែចាត់ទុកថាជាការចោទប្រកាន់គ្មាន មូលដ្ឋាន៕