(តេហេរ៉ង់)៖ អនុប្រធានាធិបតីអ៊ីរ៉ង់ លោក Eshaq Jahangiri នៅថ្ងៃចន្ទនេះ បានអំពាវនាវឱ្យចិន និងបណ្ដាប្រទេសជាមិត្តដទៃទៀត ជួយទិញប្រេងឱ្យកាន់តែច្រើនពី អ៊ីរ៉ង់ ខណៈសហរដ្ឋអាមេរិក ព្រមានដាក់ទណ្ឌកម្មលើប្រទេសណាដែលបន្តរកស៊ីជាមួយ ទីក្រុងតេហេរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៩ ខែកក្កដា ឆ្នាំ២០១៩។
លោក Eshaq Jahangiri ធ្វើការកត់សម្គាល់ខាងលើប្រាប់មន្ត្រីទូតជាន់ខ្ពស់ចិន លោក Song Tao ដែលកំពុងទស្សនកិច្ចនៅអ៊ីរ៉ង់។ លោក Jahangiri បានគូសបញ្ជាក់ដូច្នេះ ថា៖ «បើទោះជាយើងដឹងថា បណ្ដាប្រទេសជាមិត្ត ក្នុងនោះរួមមានទាំងចិន កំពុងប្រឈមមុខនឹងការរឹតត្បិតខ្លះក៏ដោយ ប៉ុន្តែយើងនៅតែរំពឹងថាពួកគេនឹងបន្តទិញ ប្រេងឱ្យកាន់តែច្រើនពីអ៊ីរ៉ង់»។
គួរជម្រាបថា ការនាំចូលប្រេងឆៅរបស់ចិនពីអ៊ីរ៉ង់ បានធ្លាក់ចុះអស់ជាង៦០ភាគរយ កាលពីដើមឆ្នាំ រហូតដល់ខែមិថុនាកន្លងទៅ ដោយសារតែទណ្ឌកម្មអាមេរិក ដែលកំពុង អនុវត្តលើអ៊ីរ៉ង់៕