(តូក្យូ)៖ មនុស្សយ៉ាងហោចណាស់១១នាក់បានបាត់បង់ជីវិត និង៥,៦៦៤នាក់ត្រូវទទួលការពិនិត្យព្យាបាលនៅមន្ទីរពេទ្យ កំឡុងមួយសប្តាហ៍កន្លងទៅនេះ ដោយសារការវាយប្រហារពីរលកកម្តៅ នៅតាមតំបន់ជុំវិញប្រទេសជប៉ុន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែកក្កដា ឆ្នាំ២០១៩។
យោងតាមអាជ្ញាធរជប៉ុន កាលពីចន្លោះថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែកក្កដា ចំនួនមនុស្សដែលត្រូវទទួលការពិនិត្យព្យាបាលនៅតាមមន្ទីរពេទ្យបានកើនឡើងយ៉ាងគំហុក ខណៈសីតុណ្ហភាពបានឡើងខ្ពស់ដល់៣២-៣៥អង្សាសេ។ ការវាយប្រហាររលកកម្តៅនេះ បានកើតមាន ក្រោយអំឡុងខែមិថុនានិងប៉ុន្មានសប្តាហ៍ដំបូងនៃខែកក្កដានេះ ហាក់មានសីតុណ្ហភាពទាប។
គួរជម្រាបថា កាលពីខែឧសភាវិញ ក៏មានមនុស្សមួយចំនួនស្លាប់ និងរាប់រយនាក់ត្រូវចូលមន្ទីរពេទ្យ ដោយសារការវាយប្រហារពីរលកកម្តៅនៅជប៉ុនផងដែរ។ ចំណែកកាលពីឆ្នាំ២០១៨ រលកកម្តៅអំឡុងរដូវក្តៅនៅប្រទេសជប៉ុន បានផ្តាច់ជីវិតមនុស្សរហូតដល់ជាង១,០០០នាក់៕