(អាហ្វហ្គានីស្ថាន)៖ របាយការណ៍មួយរបស់អង្គការសហប្រជាជាតិ បានឱ្យដឹងថាកងទ័ព អាមេរិក និងកងកម្លាំងរដ្ឋាភិបាលទីក្រុងកាប៊ុល បានសម្លាប់ជនស៊ីវិលនៅក្នុងប្រទេស អាហ្វហ្គានីស្ថាន ច្រើនជាងពួកសកម្មប្រយុទ្ធទៅទៀត គិតត្រឹម៦ខែដំបូងក្នុងឆ្នាំ២០១៩ នេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃពុធ ទី៣១ ខែកក្កដា ឆ្នាំ២០១៩។
របាយការណ៍ចេញផ្សាយដោយបេសកកម្មផ្ដល់ជំនួយនៃអង្គការសហប្រជាជាតិ ប្រចាំ អាហ្វហ្គានីស្ថា ឬហៅកាត់ថា Unama នៅក្នុងសប្ដាហ៍នេះ បានបញ្ជាក់ដែរថា ជនស៊ីវិល ភាគច្រើនត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមផ្លូវអាកាសពីសំណាក់កងទ័ពអាមេរិក និងអាហ្វហ្គានីស្ថាន ប្រឆាំងនឹងក្រុមឧទ្ទាមតាលីបង់ ចាប់ពីខែមករា រហូតដល់ខែមិថុនា ឆ្នាំ២០១៩។
ការវាយប្រហារតាមផ្លូវអាកាសដឹកនាំដោយយោធាអាមេរិក និងយោធាអាហ្វហ្គានីស្ថាន បានផ្ដាច់ជីវិតជនស៊ីវិល៧១៧នាក់ បើធៀបទៅនឹងក្រុមតាលីបង់ និងក្រុមសកម្មប្រយុទ្ធ ដទៃបានសម្លាប់ជនស៊ីវិល៥៣១នាក់។ លើសពីនេះទៅទៀត បើគិតក្នុងរយៈពេល៦ខែ ដំបូងក្នុងឆ្នាំនេះ ការវាយប្រហារតាមផ្លូវអាកាសរបស់សហរដ្ឋអាមេរិក តែម្នាក់ឯងបានផ្ដាច់ ជីវិតជនស៊ីវិល ៣៦៣នាក់ ក្នុងនោះមានកុមាររហូតដល់ទៅ៨៩នាក់។
សហរដ្ឋអាមេរិក មិនបានទទួលស្គាល់របាយការណ៍របស់ UN នោះទេ ដោយអះអាងថា តែងតែធ្វើការយ៉ាងជិតស្និតជាមួយយោធាអាហ្វហ្គានីស្ថាន ដើម្បីបញ្ជៀសហានិភ័យ និងគ្រោះថ្នាក់ ដល់ជនស៊ីវិល។ ប៉ុន្តែ ទីក្រុងវ៉ាស៊ីនតោន មិនបានផ្ដល់តួរលេខជនស៊ីវិល ដែលបានស្លាប់ក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់ខ្លួនឡើយ៕