(ប៉េកាំង)៖ ក្រុមមន្ត្រីជាន់ខ្ពស់ទទួលបន្ទុកកិច្ចចរចាពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសចិន នឹងជួបមុខគ្នាជាថ្មីនៅកំឡុងខែកញ្ញា ឆ្នាំ២០១៩ ដើម្បីរៀបចំកិច្ចពិភាក្សា ដែលត្រូវបាន ភាគីទាំងពីរជឿជាក់ថា នឹងប្រកបដោយភាពស្មោះត្រង់ ប្រសិទ្ធភាព និងលក្ខណៈស្ថាបនា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាល្ងាចថ្ងៃពុធ ទី៣១ ខែកក្កដា ឆ្នាំ២០១៩។
កិច្ចពិភាក្សានេះនឹងក្លាយជាលើកទី ១ គិតចាប់តាំងពីសហរដ្ឋអាមេរិក និងចិន បិទបញ្ចប់ការចរចាគ្នាដោយគ្មានលទ្ធផល និងក្រោយពេលដែលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានព្រមព្រៀងគ្នាក្នុងកិច្ចប្រជុំកំពូល G20 នៅទីក្រុងអូសាប្រទេសជប៉ុនថា សង្គ្រាមដំឡើងពន្ធត្រូវតែផ្អាកដើម្បីបើកឱកាសឲ្យមន្ត្រីតំណាង នៃប្រទេសទាំងពីរអង្គុយចុះចរចាគ្នាឡើងវិញ។
គួរបញ្ជាក់ថា កិច្ចប្រជុំនៅក្នុងខែកញ្ញាខាងមុខនេះ នឹងត្រូវដឹកនាំដោយរដ្ឋមន្ត្រីរតនាគារជាតិ អាមេរិកលោក ស្ទេវិន ម៉ានូជីន (Steven Mnuchin) រួមជាមួយលោក រ៉ូប៊ឺត ឡៃធីសឺ (Robert Lighthizer) តំណាងឲ្យសហរដ្ឋអាមេរិក ខណៈភាគីចិនវិញនឹងត្រូវដឹកនាំដោយលោក លីវ ហ៊ី (Liu He) មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលទីក្រុងប៉េកាំង។ ដោយឡែកថ្ងៃកំណត់ជាក់លាក់ និងទីកន្លែងដែលត្រូវជួបប្រជុំ អាចនឹងត្រូវប្រកាសនៅកំឡុងខែសីហាក្រោយនេះ៕