(ស៊ីដនី)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Mark Esper បាននិយាយថាលោកស្វាគមន៍ ចំពោះការដំឡើងប្រព័ន្ធមីស៊ីលរយៈចំងាយមធ្យមនៅក្នុងតំបន់អាស៊ី មួយថ្ងៃបន្ទាប់ពី សហរដ្ឋអាមេរិក និងរុស្ស៊ី ដកខ្លួនជាផ្លូវការចេញពីសន្ធិសញ្ញាហាមឃាត់ការរីកសាយនៃអាវុធ នុយក្លេអ៊ែរ (INF)។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី០៤ ខែសីហា ឆ្នាំ២០១៩។
លោក Mark Esper ធ្វើការកត់សម្គាល់ខាងលើ នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ជាការឆ្លើយតប ទៅនឹងសំណួអ្នកសារព័ត៌មាន ដែលអមដំណើរជាមួយលោកមកកាន់ទីក្រុងស៊ីដនី ប្រទេស អូស្រ្តាលី។ លោក Esper បានគូសបញ្ជាក់ដូច្នេះថា៖«ជាការពិត! ខ្ញុំស្វាគមន៍ការដំឡើងប្រព័ន្ធ មីស៊ីលរយៈចំងាយខ្លីនៅក្នុងតំបន់អាស៊ី...ហើយខ្ញុំចង់ឱ្យការដំឡើងនេះកើតឡើងក្នុងពេលឆាប់ៗ ខាងមុខនេះ ប៉ុន្តែការធ្វើបែបនេះអាចនឹងត្រូវចំណាយពេលយូរជាងការរំពឹងទុក»។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងរុស្ស៊ី នៅថ្ងៃសុក្រសប្ដាហ៍នេះ បានដកខ្លួនចេញជាផ្លូវការហើយ ពីសន្ធិសញ្ញា INF ដែលភាគីទាំង២បានចុះហត្ថលេខានៅឆ្នាំ១៩៨៧។ សន្ធិសញានេះមានគោល ដៅហាមឃាត់ការដំឡើង ឬដាក់ពង្រាយមីស៊ីលបាលិស្ទីគ ដែលបាញ់បានក្នុងចំងាយពី៥០០ ទៅដល់ ៥,៥០០គីឡូម៉ែត្រ៕