(ម៉ិចស៊ីកូ)៖ អ្នកសារព័ត៌មាន៣នាក់ ត្រូវបានគេបាញ់សម្លាប់នៅក្នុងប្រទេសម៉ិចស៊ីកូ ក្នុងរយៈពេល មិនដល់មួយសប្ដាហ៍ផង ហើយដែលនេះធ្វើឱ្យចំនួនអ្នកសារព័ត៌មានត្រូវគេសម្លាប់កើនដល់ ១០នាក់ នៅប្រទេសអាមេរិកខាងជើងមួយនេះ ក្នុងឆ្នាំ២០១៩។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Al Jazeera នៅថ្ងៃអាទិត្យ ទី០៤ ខែសីហា ឆ្នាំ២០១៩។

យោងតាមអាជ្ញាធរម៉ិចស៊ីកូ អ្នកសារព័ត៌មាន លោក Edgar Alberto Nava ដែលបានចុះផ្សាយ ព័ត៌មានពាក់ព័ន្ធនឹងទីក្រុង Zihuatanejo ត្រូវបានគេបាញ់សម្លាប់កាលពីថ្ងៃសៅរ៍ (ម៉ោងនៅក្នុងតំបន់) នៅឯរដ្ឋ Guerrero។ ការបាញ់សម្លាប់លោក Nava កើតមានឡើងតែមួយ ថ្ងៃប៉ុណ្ណោះ ក្រោយអ្នកសារព័ត៌មាន២នាក់ផ្សេងទៀត ក៏ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ផងដែរ កាលពីថ្ងៃសុក្រ។

គួរបញ្ជាក់ថា ប្រទេសម៉ិចស៊ីកូ ត្រូវបានគេចាត់ទុកថាជាកន្លែងដែលមានគ្រោះថ្នាក់បំផុតមួយ នៅលើពិភពលោកស ម្រាប់អ្នកសារព័ត៌មាន ហើយបើតាមអង្គការអ្នកសារព័ត៌មានគ្មានព្រំដែន អ្នកសារព័ត៌មានច្រើនជាង១០០នាក់ ត្រូវបានសម្លាប់ក្នុងប្រទេសមួយនេះ ចាប់តាំងពី ឆ្នាំ២០០០មក៕