(វ៉ាស៊ីនតោន)៖ បន្ទាប់ពីករណីបាញ់ប្រហារចំនួនពីរលើក កាលពីចុងសប្តាហ៍មុននៅរដ្ឋតិចសាស់ និងរដ្ឋអូហៃយ៉ូដែលបានផ្តាច់ជីវិតមនុស្សជាង ៣០នាក់ និងរាប់សិបនាក់ទៀតរងរបួសនោះ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសនៅមុននេះបន្តិច ដោយស្នើឲ្យមានការរឹតបន្តឹងច្បាប់គ្រប់គ្រងកាំភ្លើង ឲ្យកាន់តែខ្លាំងក្លាជាងមុន ប៉ុន្តែចំណាត់ការនេះក៏នឹងត្រូវផ្សាភ្ជាប់ ជាមួយកំណែទម្រង់ការធ្វើអន្តោប្រវែសន៍ផងដែរ។ នេះបើតាមការចេញផ្សាយដោយ RT នាល្ងាចថ្ងៃចន្ទ ទី០៥ ខែសីហា ឆ្នាំ២០១៩។
លោក ដូណាល់ ត្រាំ បានបញ្ជាក់តាមរយៈសារបង្ហោះលើគណនី Twitter របស់លោក យ៉ាងដូច្នេះថា «បក្សសាធាណរដ្ឋ និងបក្សប្រជាធិបតេយ្យ ត្រូវតែធ្វើការងារនេះជាមួយគ្នា និងចាប់ផ្តើមត្រួតពិនិត្យឲ្យបានហ្មត់ចត់ជាងមុនចំពោះជីវប្រវត្តិ (អ្នកប្រើប្រាស់កាំភ្លើង) និងផ្សាភ្ជាប់ជាមួយជាមួយកំណែទម្រង់ នៃការធ្វើអន្តោប្រវេសន៍ជាចាំបាច់...។ យ៉ាងហោចណាស់យើងត្រូវតែមានចំណាត់ការដែលល្អ ទោះបីជាមិនអស្ចារ្យខ្លាំងក្តី ដើម្បីចាកចេញពីសោកនាដកម្មដូចពីរករណីមុននេះ...»។
គួរបញ្ជាក់ថា ជនសង្ស័យឈ្មោះ ផាទ្រីក គ្រួសឹស (Patrick Crusius) មានអាយុ ២១ឆ្នាំមកពីទីក្រុង អាលឡេន (Allen) នៃរដ្ឋតិចសាស់ បានបាញ់សម្លាប់មនុស្ស ២០នាក់ និងបង្ករបួសជាច្រើននាក់ក្នុងទីក្រុង អ៊ែកផាសូ (El Paso)។ ក្រោយការបាញ់ប្រហារនេះកើតឡើងមិនដល់ ២៤ម៉ោងផងនោះ មនុស្ស ១០នាក់ រួមទាំងខ្មាន់កាំភ្លើង បានស្លាប់ក្នុងការបាញ់ប្រហារមួយដាច់ដោយឡែកផ្សេងទៀត ក្នុងទីក្រុងដេយតុន (Dayton) នៃរដ្ឋអូហៃយ៉ូ (Ohio) កាលពីថ្ងៃអាទិត្យ។ ករណីធំៗពីរលើក កាលពីចុងសប្តាហ៍មុននេះ បានធ្វើឲ្យប្រជាជនអាមេរិកក្តៅក្រហាយយ៉ាងខ្លាំង និងទាមទារឲ្យមានការរឹតបន្តឹង ឬប ង្កើតច្បាប់ដ៏មានប្រសិទ្ធភាព ដើម្បីកុំឲ្យសោកនាដកម្មដដែលៗនេះ លងបន្លាចពួកគេរាល់ថ្ងៃ៕