(ហាណូយ)៖ វាហាក់ផ្ទុយពីការវិភាគនានាកន្លងមកថា ប្រទេសវៀតណាមគឺជាអ្នកច្បាមយក ប្រយោជន៍ធំពីសង្គ្រាមពាណិជ្ជកម្មរវាងចិន និងអាមេរិក ព្រោះពេលនេះសង្គ្រាមពាណិជ្ជកម្ម បានដើរកាន់តែហួសពីអ្វីដែលអ្នកវិភាគនានាពីមុនមកធ្លាប់នឹងគិតទៅដល់ ដោយនិយាយជារួមទៅ គឺវាកំពុងវិវឌ្ឍន៍ទៅរកផ្លូវអាក្រក់លើសពីការស្មាន។ នេះបើតាមការដកស្រង់ការផ្សាយ ពីសារព័ត៌មានវៀតណាម VN Express នារសៀលថ្ងៃសុក្រ ទី០៩ ខែសីហា ឆ្នាំ២០១៩។
ជុំវិញបញ្ហានេះអនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមលោក ត្រាន ហ្គុកខាញ់ (Tran Quoc Khanh) បានបញ្ជាក់នៅក្នុងកិច្ចប្រជុំមួយថា «សង្គ្រាមពាណិជ្ជកម្មកំពុងតែដើរ ហួសពីសមត្ថភាពដែលអាចធ្វើការវិភាគ និងគណនា...។ វាកំពុងធ្វើឲ្យមានការប្រកួតប្រជែង យ៉ាងខ្លាំងពីសំណាក់ប្រទេសនានា ដែលធ្វើពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក និងប្រទេសចិន...។»
កិច្ចប្រជុំខាងលើនេះត្រូវបានធ្វើឡើង បន្ទាប់ពីសហរដ្ឋអាមេរិកគំរាមដំឡើងពន្ធលើទំនិញចិន បន្ថែមទៀតដែលគិតជាទឹកប្រាក់ស្មើនឹង ៣០០ពាន់លានដុល្លារ ហើយក្នុងនោះប្រាក់យ័នចិន ក៏បានធ្លាក់ថ្លៃរហូតដល់ជាង ៧យ័នក្នុងមួយដុល្លារអាមេរិក (អត្រាប្តូរប្រាក់កាលពីថ្ងៃព្រហស្បតិ៍) ដែលនេះជាអត្រាទាបបំផុតមិនធ្លាប់មាន គិតចាប់តាំងពីខែមេសា ឆ្នាំ២០០៨ ដែលពេលនោះសហរដ្ឋអាមេរិក កំពុងឈានទៅរកវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ។
ការធ្លាក់ថ្លៃប្រាក់យ័ននេះ គឺជាត្រូវបានសហរដ្ឋអាមេរិកចោទប្រកាន់ថា ជាទង្វើរបស់ទីក្រុងប៉េកាំង ហើយសហរដ្ឋអាមេរិកក៏បានកត់ចិនចូលទៅក្នុងបញ្ជីប្រទេស «បំភ្លៃរូបិយប័ណ្ណ» រួចទៅហើយដែរ ដែលប្រការនេះ នាំឲ្យសង្គ្រាមពាណិជ្ជកម្មរវាងមហាយក្សសេដ្ឋកិច្ចទាំងពីរ កាន់តែឈានចូលកម្រិតធ្ងន់ថ្មីមួយទៀត ខណៈពិភពលោកទាំងមូលកំពុងតាមដានទាំងភ័យព្រួយ ក្នុងនោះរួមទាំងវៀតណាមផងដែរ។
ក្រុមអ្នកវិភាគរបស់ប្រទេសវៀតណាមបានចាត់ទុកស្ថានភាពនេះ គឺជាហានិភ័យសម្រាប់ប្រទេសអាស៊ានមួយនេះ ព្រោះការធ្លាក់ថ្លៃនៃប្រាក់យ័ន នឹងធ្វើឲ្យប៉ះពាល់ដល់ទំនិញរបស់វៀតណាម ដែលព្យាយាមនាំចេញទៅលក់នៅទីផ្សារចិន ជាពិសេសគឺគ្រឿងសមុទ្រវៀតណាម ដែលជាទំនិញធ្លាប់មានសក្តានុពលខ្លាំង។ ផ្ទុយទៅវិញទំនិញចិនថោកៗ នឹងហូរចូលវៀតណាមវិញយ៉ាងងាយ ដើម្បីមកប្រកួតប្រជែងជាមួយទំនិញក្នុងស្រុកវៀតណាម។
ជុំវិញបញ្ហានេះ ក្រុមហ៊ុននាំចេញគ្រឿងសមុទ្រធំមួយរបស់វៀតណាម Cafatex បានសម្តែងការព្រួយបារម្ភថា ឈ្មួញនាំចេញនានារបស់វៀតណាម អាចនឹងទម្លាក់តម្លៃគ្រឿងសមុទ្រ របស់ពួកគេ ដើម្បីឲ្យងាយស្រួលនាំចេញទៅកាន់ទីផ្សារចិន ដែលប្រការនេះនឹងធ្វើឲ្យតម្លៃគ្រឿងសមុទ្រ នៅក្នុងទីផ្សារជារួមត្រូវធ្លាក់ថ្លៃព្រមៗគ្នា។
ដោយឡែកអ្នកជំនាញក៏បានព្រមានផងដែរថា វៀតណាមមិនអាចឲ្យរូបិយប័ណ្ណរបស់ខ្លួន ប្រែប្រួលតម្លៃខ្លាំងពេកនោះឡើយ ព្រោះសហរដ្ឋអាមេរិកក៏អាចកែប្រែតម្លៃរូបិយប័ណ្ណរបស់ខ្លួន វិញដែរ ដើម្បីទប់ទល់នឹងប្រទេសចិន។ បន្ថែមពីនេះប្រទេសវៀតណាមក៏បានធ្លាក់ចូលទៅក្នុង បញ្ជីឃ្លាំមើលប្រទេសបំភ្លៃរូបិយប័ណ្ណរបស់សហរដ្ឋអាមេរិក រួចមកហើយដែរកាលពីខែឧសភា។
គួរបញ្ជាក់ថា អ្នកជំនាញក៏បានប្តល់យោបល់ផងដែរ អំពីផលប្រយោជន៍នៃការទម្លាក់ តម្លៃប្រាក់ដុងវៀតណាម ដើម្បីធ្វើឲ្យការនាំចេញប្រសើរឡើង ប៉ុន្តែវាមិនគួរធ្វើឲ្យលើស ៣%នោះឡើយសម្រាប់រយៈពេលពេញមួយឆ្នាំនេះ បើមិនដូច្នោះទេវៀតណាមមិនអាចមានការ បកស្រាយត្រឹមត្រូវ ជុំវិញការចោទប្រកាន់អំពីការបំភ្លៃរូបិយប័ណ្ណនោះឡើយ។ ងាកទៅមើល ភាពជាក់ស្តែងវិញ គឺចិនជាប្រទេសដែលនាំចូលទំនិញធំបំផុត មកកាន់ប្រទេសវៀតណាម ដែលមានតម្លៃជាទឹកប្រាក់ ៣៥.៧ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ និងមានការកើនឡើង ១៨.២ភាគរយនៅឆ្នាំ២០១៨៕