(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា លោក គីម ជុងអ៊ុន ចង់បើកកិច្ចចរចនុយក្លេអ៊ែរឡើងវិញ ក្រោយសមយុទ្ធរវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងបញ្ចប់ទៅ ហើយការបាញ់តេស្តមីស៊ីលជាបន្តបន្ទាប់ នាពេលកន្លងមកនេះ ក៏នឹងលែងប្រព្រឹត្តទៅទៀតដែរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី១១ ខែសីហា ឆ្នាំ២០១៩។
បើតាមលោក ត្រាំ គឺប្រមុខដឹកនាំកំពូលកូរ៉េខាងជើងបានបញ្ជាក់បែបនេះ តាមរយៈសំបុត្រមួយច្បាប់ដែលលោកទទួលពីលោក គីម ជុងអ៊ុន។ លោកប្រធានាធិបតីអាមេរិក បានអះអាងថា ក្នុងនោះ លោក គីម ក៏បានសុំអធ្រាស្រ័យ ចំពោះការដែលកូរ៉េខាងជើង បានបាញ់តេស្តមីស៊ីលរយៈចម្ងាយខ្លីជាបន្តបន្ទាប់ផងដែរ។ រីឯលោក ត្រាំ ផ្ទាល់ហាក់មិនប្រកាន់ចំពោះសកម្មភាពទាំងនេះឡើយ និងថាពុំមានអ្វីគួរឲ្យបារម្ភនោះទេ។
គួរជម្រាបថា ថ្ងៃសៅរ៍ម្សិលមិញ ទីក្រុងព្យុងយ៉ាងបានបាញ់តេស្តមីស៊ីលចម្ងាយខ្លីចំនួនពីរគ្រាប់ទៀត ផ្លោងចូលទៅក្នុងផ្ទៃសមុទ្រ ដែលវាគឺជាការបាញ់លើកទី៥ហើយ ក្នុងកំឡុងពេលត្រឹមពីរសប្តាហ៍ប៉ុណ្ណោះ ទំនងជាការតវ៉ាចំពោះសមយុទ្ធយោធា រវាងទីក្រុងវ៉ាស៊ីនតោននិងទីក្រុងសេអ៊ូល។ សមយុទ្ធរួមនេះ នឹងបិទបញ្ចប់នៅថ្ងៃទី២០ ខែសីហា គឺសប្តាហ៍ក្រោយ៕