(ឡុងដ៍)៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Bolton បានធ្វើដំណើរទៅដល់ ទីក្រុង ឡុងដ៍ហើយ ជាទីដែលលោកត្រូវបានគេរំពឹងថានឹងបញ្ចុះបញ្ចូលឱ្យអង់គ្លេស ប្រកាន់គោល ជំហរម៉ឺងម៉ាត់ចំពោះអ៊ីរ៉ង់ និងក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅថ្ងៃចន្ទ ទី១២ ខែសីហា ឆ្នាំ២០១៩។
លោក John Bolton បានធ្វើដំណើរមកដល់ទីក្រុងឡុងដ៍ កាលពីថ្ងៃអាទិត្យ ដើម្បីជួបពិភាក្សា ការងារជាមួយក្រុមមន្ត្រីអង់គ្លេស នៅថ្ងៃចន្ទ និងថ្ងៃអង្គារសប្ដាហ៍នេះ ដោយផ្ដោតសំខាន់លើ ការពង្រឹងទំនាក់ទំនងជាមួយរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីអង់គ្លេស របស់លោក Boris Johnson ព្រមទាំងជំរុញឱ្យអង់គ្លេស មានគោលជំហរម៉ឺងម៉ាត់នឹងអ៊ីរ៉ង់ និងក្រុមហ៊ុន Huawei ជាពិសេស។
គួរជម្រាបថា ខណៈអង់គ្លេសនឹងត្រូវចាកចេញពីសហភាពអឺរ៉ុប (Brexit) នៅថ្ងៃទី៣១ ខែតុលា ដែលជាការផ្លាស់ប្ដូរភូមិសាស្ត្រនយោបាយដ៏ធំមួយនៅអឺរ៉ុប ចាប់តាំងពីសង្រ្គាមលោក លើកទី២មក ក្រុមអ្នកជំនាញជាច្រើនយល់ថាអង់គ្លេស នឹងកាន់តែពឹងផ្អែកលើសហរដ្ឋអាមេរិក កាន់តែខ្លាំង ក្រោយ Brexit៕