(អង់ការ៉ា)៖ ស្ថាប័នពាក់ព័ន្ធរបស់តួកគី កំពុងតែពិចារណាលើការទិញយន្តហោះចម្បាំងរុស្ស៊ី Su-35 បន្ទាប់ពីខ្លួនត្រូវបានអាមេរិកផ្អាកការលក់យន្តហោះចម្បាំង F-35 មកឲ្យ ហើយត្រូវខ្ទាតចេញពីកម្មវិធីអភិវឌ្ឍន៍យន្តហោះនេះថែមទៀត ព្រោះតែការទិញប្រព័ន្ធ S-400 ពីរុស្ស៊ី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានតួកគី យេនី សាហ្វាក (Yeni Safak) នៅព្រឹកថ្ងៃចន្ទ ទី១២ ខែសីហា ឆ្នាំ២០១៩។

យោងតាមប្រភពព័ត៌មានខាងលើ ប្រសិនបើគម្រោងទិញយន្តហោះចម្បាំងរុស្ស៊ីនេះ ទទួលបានការវាយតម្លៃល្អ នោះតួកគីទំនងនឹងចាប់ផ្តើមដំណើរការចរចាជាផ្លូវការ ជាមួយរុស្ស៊ីតែម្តង។ កាលពីខែកក្កដាកន្លងទៅ រុស្ស៊ីបានបង្ហាញពីការស្វាគមន៍ក្នុងការលក់ យន្តហោះចម្បាំង Su-35 មកឲ្យតួកគីចំពេលមានសេចក្តីរាយការណ៍ថា ទីក្រុងអង់ការ៉ាអាចនឹងងាកទៅទិញ ព្រោះតែបញ្ហាក្នុងការទិញយន្តហោះចម្បាំង F-35 ពីសហរដ្ឋអាមេរិក។ ក្នុងខែកក្កដាកន្លងទៅនេះ តួកគីបានចាប់ផ្តើមទទួលយក S-400 មកដំឡើងក្រោមការព្រមានរបស់អាមេរិក។

គួរជម្រាបថា បញ្ហាប្រព័ន្ធការពារដែនអាកាស S-400 និងយន្តហោះចម្បាំង F-35 នេះ បានបង្កឲ្យមានភាពប្រេះស្រាំជាខ្លាំងក្នុង ទំនាក់ទំនងរវាងទីក្រុងអង់ការ៉ា និងទីក្រុងវ៉ាស៊ីនតោន ខណៈប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កំពុងរងសម្ពាធពីសភា ដែលចង់ឲ្យដាក់ទណ្ឌកម្មថែមទៀតលើតួកគី។ ប្រទេសក្នុងតំបន់បានមើលឃើញថា ប្រទេសតួកគីត្រូវបានសព្វាវុធទំនើប និងមានអានុភាពដើម្បីការពារសន្តិសុខជាតិជាចាំបាច់ ខណៈបញ្ហាក្នុងតំបន់នៅតែជារឿងផុយស្រួល ជាពិសេសសង្គ្រាមប្រឆាំងក្រុមឃើដជាដើម៕