(ស៊ីកាហ្គោ)៖ សារព័ត៌មាន CBS បានរាយការណ៍នៅព្រឹកថ្ងៃចន្ទនេះថា មនុស្សយ៉ាងហោចណាស់ ០៦នាក់បានរងរបួស ដោយសារការបាញ់រះនៅឯពិធីជប់លៀងមួយ នៅភាគខាងលិចនៃទីក្រុងឈីកាហ្គោ (Chicago) នៃរដ្ឋអ៊ីលីណយស៍ (Illinois) នៅថ្ងៃអាទិត្យ ទី១១ ខែសីហា (ពេលវេលានៅវ៉ាស៊ីនតោន)។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហ៊ួ នារសៀលថ្ងៃចន្ទ ទី១២ ខែសីហា ឆ្នាំ ២០១៩។
ហេតុការណ៍ខាងលើបានកើតឡើង ដោយខ្មាន់កាំភ្លើងម្នាក់ បានបើកការបាញ់រះទាំងកម្រោលទៅលើក្រុមមនុស្សម្នាជាង ១០០នាក់ នៅឯពិធីជប់លៀងតាមដងផ្លូវមួយ ស្ថិតនៅភាគខាងលិចនៃទីក្រុងឈីកាហ្គោ នៅវេលាម៉ោងប្រហែល ៣៖០០នាទីទៀបភ្លឺថ្ងៃអាទិត្យ។ សាក្សីនៅកន្លែងកើតហេតុ បានគូសបញ្ជាក់ប្រាប់ថា មុននឹងមានការបាញ់ប្រហារនេះ គេឃើញមានការឈ្លោះប្រកែកគ្នាខ្លាំងៗ បន្ទាប់មកក៏គេឃើញមានបុរសម្នាក់ បានដកកាំភ្លើងបាញ់រះមកលើហ្វូងមនុស្សតែម្តង។ ដោយឡែកខ្មាន់កំាភ្លើងខាងលើ អជ្ញាធរមិនទាន់បានបញ្ជាក់អត្តសញ្ញាណ ឲ្យបានច្បាស់លាស់នៅឡើយទេ។
បន្ថែមពីខាងលើនេះក្នុងចំណោមជនរងគ្រោះទាំង ០៦នាក់ខាងលើ គេឃើញមានបុរសអាយុ ២៥ឆ្នាំម្នាក់ និងស្រី្ត ០៥នាក់ ដែលមានអាយុចន្លោះពី ២៧-៣៧ឆ្នាំ ពួកគេបានរងរបួសធ្ងន់ ខណៈទាំង០៦នាក់នេះ ត្រួវបានបញ្ជូនទៅព្យាបាលមន្ទីរពេទ្យមួយក្នុងតំបន់ ប៉ុន្តែពួកគេទំនងជាមិនអាចមានបញ្ហាដល់អាយុជីវិតឡើយ។
គួរបញ្ជាក់ថា ទីក្រុងឈីកាហ្គោនេះក៏ធ្លាប់បានពើបប្រទះនឹងការបាញ់ប្រហារដ៏អាក្រក់បំផុតមួយ កាលពីចុងសប្តាហ៍មុនផងដែរ ដែលបានបណ្តាលឲ្យមនុស្សស្លាប់ ០៧នាក់ និង ៥២នាក់ផ្សេងទៀតបានរងរបួស។ ករណីបាញ់ប្រហារនៅសហរដ្ឋអាមេរិកនាមួយរយៈពេលចុងក្រោយនេះ បានបង្កជាបញ្ហាព្រួយបារម្ភកាន់តែខ្លាំងពីក្នុងសង្គមអាមេរិក ជាពិសេសសម្ពាធត្រូវធ្លាក់លើរដ្ឋបាលលោក ដូណាល់ ត្រាំ ជាពិសេសក្រោយករណីបាញ់ប្រហារកាលពីសប្តាហ៍មុនដែលបានផ្តាច់ជីវិតមនុស្សជាង ៣០នាក់៕