(ម៉ូស្គូ)៖ ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា យន្តហោះទម្លាក់គ្រាប់បែករុស្ស៊ីធុន Tu-95MS ចំនួន០២គ្រឿង ទើបតែបញ្ចប់ការ ហោះហើរល្បាតលើដែនសមុទ្រចំនួន០៣ ដែលស្ថិតនៅភាគពាយ័ព្យប្រទេសរបស់ខ្លួន។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែសីហា ឆ្នាំ២០១៩។
យោងតាមការបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិរុស្ស៊ី ការហោះហើរល្បាតនោះ បានប្រព្រឹត្តទៅរយៈពេល ជាង០៩ម៉ោង ខណៈនៅចំណុចខ្លះយន្តហោះទម្លាក់គ្រាប់បែកទាំង០២គ្រឿង ត្រូវបានអមដំណើរដោយយន្តហោះចម្បាំង F-16 របស់កងទ័ពអាកាសន័រវែស។ ការហោះហើរខាងលើ ត្រូវបានធ្វើឡើងនៅលើសមុទ្រ Barents, សមុទ្រន័រវែស, និងសមុទ្រខាង ជើង។
រុស្ស៊ីបានសង្កត់ធ្ងន់ថា យន្តហោះទម្លាក់គ្រាប់បែករបស់ខ្លួន ក៏តែងធ្វើបេសកកម្មហោះហើរជាប្រចាំ នៅលើដែនទឹកអន្តរជាតិ នៃមហាសមុទ្រអាក់ទិក អាត្លង់ទិក និងប៉ាស៊ីហ្វិក ព្រមទាំងសមុទ្រខ្មៅនិងសមុទ្របាល់ទិកជាដើម ដោយប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវ ក្បួនច្បាប់អន្តរជាតិស្តីពីការប្រើប្រាស់ដែនអាកាស និងមិនបំពានព្រំដែនរបស់ប្រទេសដទៃឡើយ៕