(ហុងកុង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិននៅក្នុងសប្ដាហ៍នេះ បានបញ្ចេញរូបភាពជាច្រើនសន្លឹក ដែលបង្ហាញពីរថពាសដែក និងរថក្រោះជាច្រើនគ្រឿង កំពុងចល័តលើដងផ្លូវក្នុងទីក្រុងមួយមានព្រំទល់នៅមិនឆ្ងាយ ប៉ុន្មានឡើយពីទីក្រុងហុងកុង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែសីហា ឆ្នាំ២០១៩។
យោងតាមរូបភាពច្រើនសន្លឹកខាងលើរថពាសដែក និងរថក្រោះបានចល័តលើដងផ្លូវក្នុងទីក្រុង សិនជិន (Shenzhen) ដើម្បីធ្វើសមយុទ្ធមួយ ហើយការបញ្ចេញរូបភាពទាំងនេះទៀតសោត ធ្វើឡើងក្រោយរដ្ឋាភិបាលទីក្រុងប៉េកាំងបានព្រមានក្រុមបាតុករថា ខ្លួនអាចនឹងធ្វើអន្តរាគមន៍ ដោះស្រាយវិបត្តិបច្ចុប្បន្ននៅក្នុងទីក្រុងហុងកុង។
គួរបញ្ជាក់ថា បាតុកម្មតវ៉ានៅក្នុងទីក្រុងហុងកុង បានផ្ទុះឡើងអស់រយៈពេលជាច្រើនសប្ដាហ៍មកហើយ ដោយកាលពីថ្ងៃចន្ទម្សិលមិញ បាតុកម្មនៅឯអាកាសយានដ្ឋានក្រុងហុងកុង ដែលមានបាតុករចូលរួមប្រមាណជាង ៥,០០០នាក់ បានបង្ខំឱ្យជើងហោះហើរទាំងអស់ត្រូវបានលុបចោល រីឯរដ្ឋាភិបាលចិនដីគោកបានចាត់ទុកបាតុកម្មដ៏ហិង្សាគឺជា «សកម្មភាពភេរវកម្ម»៕