(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានធ្វើអត្ថាធិប្បាយជុំវិញករណីផ្ទុះគ្រាប់មីស៊ីលនៅប្រទេសរុស្សី យ៉ាងមានអំនួតថា សហរដ្ឋអាមេរិកបាននិងកំពុងរៀនសូត្រច្រើនណាស់ពីករណីផ្ទុះមីស៊ីលខាងលើ បើទោះបីជាសហរដ្ឋអាមេរិក មានបច្ចេកវិទ្យាជឿនលឿនជាងរុស្ស៊ីក៏ដោយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នាព្រឹកថ្ងៃអង្គារ ទី១៣ ខែសីហា ឆ្នាំ២០១៩។
ការអធិប្បាយខាងលើត្រូវបានលោក ត្រាំ បង្ហោះក្នុងគណនី Twitter ផ្លូវការរបស់លោកយ៉ាងដូច្នេះថា «សហរដ្ឋអាមេរិកកំពុងរៀនសូត្របានច្រើនណាស់ ពីករណីផ្ទុះមីស៊ីលនៅប្រទេសរុស្ស៊ី។ យើងមានបច្ចេកវិទ្យាស្រដៀងគ្នា ទោះបីបច្ចេកវិទ្យារបស់យើងមានភាពជឿនលឿនជាងក៏ដោយ ក៏ប៉ុន្តែការផ្ទុះដ៏កក្រើកដល់បាក់មេឃនេះ បានធ្វើឱ្យប្រជាជនមានការព្រួយបារម្ភ អំពីខ្យល់អាកាសនៅជុំវិញជិតឆ្ងាយ។ វាគឺមិនល្អទាល់តែសោះ...»។
ការអធិប្បាយនេះទៀតសោត ត្រូវបានធ្វើឡើងកាលពីថ្ងៃចន្ទម្សិលមិញ ភ្លាមៗបន្ទាប់ពីរដ្ឋាភិបាលរុស្ស៊ីបានសម្រេចផ្ដល់មេដាយកិត្តិយសថ្នាក់ជាតិ ដល់ក្រុមមន្ត្រីជំនាញផ្នែកអាវុធនុយក្លេអ៊ែរចំនួន ០៥រូប ដែលបានបាត់បង់ជីវិតនៅក្នុងហេតុការណ៍ផ្ទុះខាងលើ។
គួរជម្រាបថា កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន មានករណីផ្ទុះមួយយ៉ាងអាថ៌កំបាំងបានកើតឡើង កំឡុងពេលនៃការធ្វើតេស្ដមីស៊ីលមួយ នៅឯកន្លែងធ្វើសាកល្បងនៅសមុទ្រស (White Sea) ដោយវាបានបណ្ដាលឥន្ធនៈសម្រាប់រុញច្រានរ៉ុក្កែតស្រាប់តែឆាបឆេះ និងផ្ទុះឡើងតែម្តង នាំឱ្យមនុស្សជាច្រើននាក់ខ្ទាតចូលទឹកសមុទ្រ ហើយក្នុងនោះ០៥នាក់បានស្លាប់៕