(ហុងកុង)៖ ខណៈស្ថានភាពនៅក្នុងទីក្រុងហុងកុង កាន់តែមានសភាពធ្ងន់ធ្ងរឡើង ក្រុមមន្ត្រីជាន់ខ្ពស់ចិន ទទួលបន្ទុកកិច្ចការទីក្រុងហុងកុង បានហៅបាតុកម្មតវ៉ាលាយឡំទៅដោយអំពើហិង្សាដឹកនាំដោយ ក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យថាមាន «ចរិកលក្ខណៈជាបដិវត្តន៍ពណ៌»។ លើសពីនេះទៅទៀត ទីក្រុងប៉េកាំង ផ្ទាល់នៅថ្ងៃចន្ទ សប្ដាហ៍នេះ ក៏បានចាត់ទុកថាបាតុកម្មតវ៉ាដ៏ហិង្សាប្រឆាំងនឹងអាជ្ញាធរ ទីក្រុងហុងកុងគឺជា «ទង្វើភេរវកម្ម»ផងដែរ បន្ទាប់ពីវាបង្ខំឱ្យអាជ្ញាធរលុបចោលជើងហោះហើររាប់រយ។

តើបាតុកម្មតវ៉ាបច្ចុប្បន្នពិតជាមានចរិកលក្ខណៈជា «បដិវិត្តន៍ពណ៌» មែនឬទេ ហើយតើនឹងមានអ្វីកើតឡើង បន្ទាប់?

*បាតុកម្មតវ៉ាផ្ទុះឡើងយ៉ាងដូចម្ដេច?

កាលពីខែមេសា កន្លងទៅ រដ្ឋាភិបាលទីក្រុងហុងកុង បានធ្វើបទបង្ហាញពីសេចក្ដីព្រាងច្បាប់មួយពាក់ព័ន្ធ នឹងការធ្វើបត្យាប័នជនសង្ស័យទៅកាន់ចិនដីគោក។ ចំណែកឯ ក្រុមអ្នករិះគន់យល់ថាច្បាប់នេះនឹងមិន ផ្ដល់យុត្តិធម៌ដល់ជនសង្ស័យឡើយ រហូតដល់ផ្ទុះជាបាតុកម្មតវ៉ានៅក្នុងខែឧសភា ទាមទារឱ្យរដ្ឋាភិបាល លោកស្រី Carrie Lam លុបចោលច្បាប់នេះទៅវិញ។ លោកស្រី Lam សម្រេចចិត្តផ្អាកការអនុម័តច្បាប់ នេះទាំងស្រុង កាលពីខែកក្កដា កន្លងទៅ។ ប៉ុន្តែក្រុមបាតុករមិនបានស្ងប់ចិត្តឡើយ ហើយទាមទារកាន់តែ ច្រើនលើសដើមទៅទៀត។

*បាតុករចង់បានអ្វីខ្លះ?

ក្រោយច្បាប់ធ្វើបត្យាប័នត្រូវបានផ្អាកនិតិវិធីអនុម័ត ក្រុមបាតុករនៅតែទាមទារឱ្យរដ្ឋាភិបាលទីក្រុងហុងកុង លុបចោលច្បាប់នេះទាំងស្រុងតែម្ដង ហើយព្រមពេលជាមួយគ្នា ការទាមទារក៏មានកាន់តែច្រើនឡើងដែរ ដូចជា៖

- លុបចោលសេចក្ដីព្រាងច្បាប់ធ្វើបត្យាប័នទាំងស្រុង
- លុបចោលការចាត់ទុកបាតុកកម្មតវ៉ាថាជា «កុប្បកម្ម»
- លើកលែងទោសឱ្យបាតុករទាំងអស់ដែលត្រូវបានចាប់ខ្លួន
- ស៊ើបអង្កេតលើការរំលោភបំពានរបស់ប៉ូលិសលើបាតុករ
- នាយកប្រតិបតិ្តទីក្រុងហុងកុង លោកស្រី Carrie Lam ត្រូវតែចុះចេញពីតំណែង តែរឿងនេះលោកស្រី បដិសេធ។

*ហេតុអ្វីបានចិនចាត់ទុកថាបាតុកម្មតវ៉ាបច្ចុប្បន្ន «មានលក្ខណៈជាបដិវត្តន៍ព៌ណ»?

លោក Zhang Xiaoming ជានាយកក្រុមប្រឹក្សារដ្ឋទទួលបន្ទុកកិច្ចការទីក្រុងហុងកុង និងម៉ាកៅ បានចោទ ត្រង់ៗតែម្ដងថា បាតុកម្មតវ៉ាដ៏ហិង្សាបច្ចុប្បន្នគឺមាន «ចរិកលក្ខណៈជាបដិវត្តន៍» ហើយព្រមានថាទីក្រុង ប៉េកាំង នឹងមិនអង្គុយនៅស្ងៀមឡើយ ចំពោះអ្វីដែលកំពុងកើតឡើងនៅក្នុងទីក្រុងហុងកុង។ ប៉ុន្តែ អ្វីដែល គួរឱ្យកត់សម្គាល់ ការលើកឡើងរបស់លោក Xiaoming កើតមានឡើងនៅចំពេលប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន នាពេលថ្មីៗនេះ បានបង្ហោះរូបភាពជាច្រើនសន្លឹកបង្ហាញពីមន្ត្រីជាន់ខ្ពស់ម្នាក់នៃស្ថានកុងស៊ុលអាមេរិក ប្រចាំទីក្រុងហុងកុង លោកស្រី Julie Eadeh បានជួបពិភាក្សាជាមួយមេដឹកនាំក្រុមបាតុករគាំទ្រ លិទ្ធិប្រជាធិបតេយ្យដ៏ធំមួយ នៅក្នុងទីក្រុងហុងកុង គឺលោក Joshua Wong Chi-fung។

លើសពីនេះទៅទៀត ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន ក៏បានបញ្ចេញរូបភាពជាច្រើនសន្លឹកផងដែររបស់
ក្រុមបាតុករមួយចំនួន ដែលនាំគ្នាគ្រវីទង់ជាតិអាមេរិក ក៏ដូចជាស្រែកទាមទារសេរីភាព, សិទ្ធិមនុស្ស និងលិទ្ធិប្រជាធិតេយ្យ កំឡុងពេលធ្វើបាតុកម្មតវ៉ានាពេលកន្លងមក។ តែទោះជាយ៉ាងនេះក្ដី រដ្ឋាភិបាល ទីក្រុងវ៉ាស៊ីនតោន បានទាត់ចោលការចោទប្រកាន់ពីភាគីចិន ហើយថាការបង្ហោះរូបភាពមន្ត្រីទូតអាមេរិក គឺជាទង្វើគ្មានទំនួលខុសត្រូវ។

*តើនឹងមានអ្វីកើតឡើងបន្ទាប់ ក្រោយចិនហៅបាតុកម្មតវ៉ាជា«បដិវត្តន៍ពណ៌»?

ការប្រកាសចាត់ទុកបាតុកម្មតវ៉ារបស់ក្រុមបាតុករទីក្រុងហុងកុង ជាបដិវត្តន៍ពណ៌ អាចនឹងអនុញ្ញាតឱ្យ រដ្ឋាភិបាលទីក្រុងប៉េកាំងធ្វើអន្តរាគមន៍ក្នុងនោះរួមមានទាំងយោធា ដើម្បី ដោះស្រាយវិបត្តិបច្ចុប្បន្ន។ ដ្បិត បើតាមមាត្រា១៨ នៃច្បាប់ Basic Law នៅក្នុងករណី មានសង្រ្គាម ឬមានភាពចលាចលណាមួយដែល អាចនឹងបំផ្លាញដល់ឯកភាពជាតិ និងសន្តិសុខរបស់ទីក្រុងហុងកុង រដ្ឋាភិបាលទីក្រុងប៉េកាំង អាចនឹង ប្រកាសភាពអាសន្ន ក៏ដូចជាអនុវត្តច្បាប់ជាតិនានា មានទាំងការធ្វើអន្តរាគមន៍យោធាជាដើម ក្នុងបុព្វហេតុ ផលប្រយោជន៍ជាតិ៕

គួរបញ្ជាក់ថា នាយកប្រតិបត្តិក្រុងហុងកុង លោកស្រី Carrie Lam នៅថ្ងៃអង្គារនេះ បាននិយាយថា បាតុកម្មតវ៉ាដ៏ហិង្សានៅក្នុងទីក្រុងហុងកុង នឹងជំរុញឱ្យទីក្រុងមួយនេះដើរលើផ្លូវដែលមិនអាចត្រឡប់ ក្រោយវិញបាន។ ម្យ៉ាងវិញទៀត ការលើកឡើងបែបនេះរបស់លោកស្រី ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានបញ្ចេញរូបភាពជាច្រើនសន្លឹកដែលបង្ហាញពីរថពាសដែក និងរថក្រោះ ជាច្រើនគ្រឿងកំពុងចល័តលើដងផ្លូវ ក្នុងទីក្រុងមួយមានព្រំទល់នៅមិនឆ្ងាយប៉ុន្មានឡើយពី ទីក្រុងហុងកុង៕