(ម៉ូស្គូ)៖ រុស្ស៊ី បានទទួលស្គាល់ហើយថា ការផ្ទុះដែលផ្ដាច់យកជីវិតអ្នកវិទ្យាសាស្ត្រដ៏ល្បី៥នាក់របស់ខ្លួន កាលពីសប្ដាហ៍មុន គឺកើតឡើងនៅកំឡុងពេលធ្វើតេស្ដរ៉េអាក់ទ័រថាមពលនុយក្លេអ៊ែរថ្មីមួយ សម្រាប់ ការអភិវឌ្ឍន៍មីស៊ីលនុយក្លេអ៊ែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Independent នៅថ្ងៃអង្គារ ទី១៣ ខែសីហា ឆ្នាំ២០១៩។
ការផ្ទុះយ៉ាងអាថ៌កំបាំងមួយបានកើតឡើង កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន កំឡុងពេលនៃការ ធ្វើតេស្ដមីស៊ីល នៅឯកន្លែងធ្វើសាកល្បងមួយ នៅទីក្រុងសេវែរ៉ូដវីងស៍ (Severodvinsk) នៃតំបន់ Arkhangelsk។ តែទោះជាយ៉ាងនេះក្ដី ក្រុមមន្ត្រីនុយក្លេអ៊ែររុស្ស៊ី បានសន្យាថាពួកគេសម្រេចឱ្យ បានជោគជ័យនូវការអភិវឌ្ឍអាវុធប្រភេទថ្មីនេះ ទោះជាត្រូវប្រឈមមុខនឹងគ្រោះថ្នាក់ដូចលើកនេះ ទៀតក៏ដោយ។ ប៉ុន្តែ គួរឱ្យកត់សម្គាល់ ការធ្វើតេស្ដអាវុធថ្មី របស់រុស្ស៊ីនេះកើតមានឡើងក្រោយ ទីក្រុងម៉ូស្គូ និងសហរដ្ឋអាមេរិក ដកខ្លួនជាផ្លូវការចេញពីសន្ធិសញ្ញនុយក្លេអ៊ែរ INF។
គួរជម្រាបថា នៅក្នុងហេតុការណ៍ផ្ទុះដ៏សម្បើមខាងលើ មានអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែររុស្ស៊ី៥នាក់ បានបាត់បង់ជីវិត ហើយពួកគេត្រូវបានបញ្ចុះនៅថ្ងៃចន្ទសប្ដាហ៍នេះ ជាមួយប្រគល់មេដាយកិត្តិយស ជា«វិរបុរសជាតិ»។ ពួកគេទាំងនេះគឺជាអ្នកវិទ្យាសាស្ត្រដ៏ល្បីមកពីមជ្ឈមណ្ឌលនុយក្លេអ៊ែរសហព័ទ្ធរុស្ស៊ី ដែលជាវិទ្យាសា្ថនសិក្សាស្រាវជ្រាវមួយគ្រប់គ្រងដោយក្រុមហ៊ុនថាមពលនុយក្លេអ៊ែរ Rosatom៕