(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាស្ថានភាពបច្ចុប្បន្ន ក្នុងទីក្រុងហុងកុង កំពុងស្ថិតនៅក្នុងគ្រាមួយដ៏លំបាក។ ប៉ុន្តែទន្ទឹមគ្នា លោកក៏សង្ឃឹមដែរថា ស្ថានភាពនឹងល្អប្រសើរឡើងវិញសម្រាប់អ្នកគ្រប់គ្នា និងដើម្បីសេរីភាព ដោយមិនបង្កឱ្យនរណា ម្នាក់ឈឺចាប់ ឬត្រូវបានសម្លាប់ឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី១៤ ខែសីហា ឆ្នាំ២០១៩។
លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់ខាងលើប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃអង្គារសប្ដាហ៍នេះ នៅក្នុងទីក្រុង Morristown នៃរដ្ឋ New Jersey។ លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា៖ «ស្ថានភាពបច្ចុប្បន្ននៅទីក្រុងហុងកុង ពិតជាកំពុងស្ថិតក្នុងគ្រាមួយដ៏លំបាក ប៉ុន្តែខ្ញុំគិតថាវានឹង ល្អប្រសើរឡើងវិញ...ហើយខ្ញុំក៏សង្ឃឹមដែរថាវានឹងល្អប្រសើរឡើងវិញដើម្បីសេរីភាព និងអ្នកគ្រប់គ្នាក្នុងនោះរួមមានទាំងចិន ដោយមិនបង្កឱ្យនរណាម្នាក់រងការឈឺចាប់ ឬត្រូវបាន សម្លាប់នោះទេ»។
គួរបញ្ជាក់ថា នៅក្នុងសារមួយដាច់ដោយឡែកបង្ហោះលើ Twitter លោក ដូណាល់ ត្រាំ ក៏បាន លើកឡើងផងដែរពីការចល័តកងទ័ពចិនដីគោក ទៅកាន់តំបន់ព្រំដែនក្បែរទីក្រុងហុងកុង ខណៈមានសេចក្ដីរាយការណ៍ជាបន្តបន្ទាប់ពីលទ្ធភាព ធ្វើអន្តរាគមន៍យោធារបស់ទីក្រុងប៉េកាំង នៅក្នុងវិបត្តិក្រុងហុងកុង៕