(តូក្យូ)៖ ដើម្បីត្រៀមសម្រាប់ការមកដល់នៃព្យុះទីហ្វុងឈ្មោះក្រសា (Krosa) នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្រុមហ៊ុនអាកាសចរណ៍ និងស្ថានីយរថភ្លើង កំពុងសម្រេចកាត់បន្ថយជើងធ្វើដំណើរ នៅតំបន់ភាគនិរតីនៃប្រទេសជប៉ុន។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានជប៉ុន Kyodo នៅរសៀលថ្ងៃពុធ ទី១៤ ខែសីហា ឆ្នាំ២០១៩។
អាកាសចរណ៍ជប៉ុន Japan Airlines និង All Nippon Airways បានឲ្យដឹងថា ក្នុងថ្ងៃពុធនេះក្រុមហ៊ុនទាំងពីរ នឹងលុបចោលជើងហោះហើរសរុប ១០០ជើង ទាំងទៅនិងមកពីតំបន់នៅលើកោះ គ្យូស៊ុ (Kyushu)។ រីឯនៅថ្ងៃព្រហស្បតិ៍ស្អែក ក្រុមហ៊ុនរថភ្លើង West Japan Railway នឹងផ្អាកប្រតិបត្តិការរថភ្លើងល្បឿនលឿនស្ទើរតែទាំងអស់របស់ខ្លួនតែម្តង។
បន្ថែមពីនេះសេវាធ្វើដំណើររវាងទីក្រុងអូសាកា (Osaka) និងទីក្រុងកូគុរ៉ា (Kokura) នឹងត្រូវលុបចោល ខណៈប្រតិបត្តិការរវាងទីក្រុង Kokura និងទីក្រុង កាកាតា (Hakata) នឹងត្រូវកាត់បន្ថយ។ សម្រាប់ក្រុមហ៊ុនរថភ្លើង Central Japan Railway និង Kyushu Railway ក៏គ្រោងនឹងបន្ថយចំនួនធ្វើប្រតិបត្តិការនៃរថភ្លើងល្បឿនលឿន របស់ពួកគេនៅថ្ងៃស្អែកផងដែរ។
គួរជម្រាបថា Krosa គឺជាព្យុះទីហ្វុងទី ១០ ហើយក្នុងឆ្នាំ២០១៩ ហើយបើតាមទីភ្នាក់ងារឧតុនិយមជប៉ុន គិតនៅត្រឹមរសៀលថ្ងៃពុធនេះ វាមានកម្លាំងខ្យល់អតិបរមា ១៤៤គីឡូម៉ែត្រក្នុងមួយម៉ោង បន្ទាប់ពីព្យុះនេះបានចុះថយឥទ្ធិពលបន្តិចធៀបនឹងម្សិលមិញ ប៉ុន្តែវានឹងនៅតែអាចនាំយកការធ្លាក់ភ្លៀងយ៉ាងគំហុក និងខ្យល់បោកបក់យ៉ាងសន្ធប់ មកកាន់ប្រទេសជប៉ុននាថ្ងៃស្អែកនេះ៕