(ហុងកុង)៖ តុលាការហុងកុងនាថ្ងៃពុធនេះបានចេញសាលបង្គាប់មួយ ដោយក្រុមបាតុករទាំងអស់មិនឲ្យចូលព្រលានយន្តហោះ ដែលជាការបង្កសកម្មភាពរាំងស្ទះដល់ប្រតិបត្តិការ របស់អាកាសយានដ្ឋានអន្តរជាតិ នៃទីក្រុងហុងកុងទៀតនោះឡើយ តែអាចនៅសម្តែងការតវ៉ារបស់ពួកគេបាន តាមទីតាំងដែលអាជ្ញាធរព្រលានយន្តហោះ រៀបចំ និងអនុញ្ញាតឲ្យ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី១៤ ខែសីហា ឆ្នាំ២០១៩។
តាមរយៈសេចក្តីបង្គាប់ខាងលើ ក្រុមអ្នកតវ៉ាត្រូវហាមមិនឲ្យប្រព្រឹត្តសកម្មភាពទាំងឡាយ ដែលបង្កភាពរាំងស្ទះដល់ការប្រើប្រាស់ នៃអាកាសយានដ្ឋានអន្តរជាតិទីក្រុងហុងកុង ខណៈសម្រាប់អ្នកដែលចង់ធ្វើបាតុកម្ម ដោយពុំមានគោលបំណងបង្កការប៉ះពាល់ ដល់ប្រតិបត្តិការរបស់ព្រលានយន្តហោះ នឹងទទួលបានអនុញ្ញាតឲ្យ សម្តែងការតវ៉ារបស់ពួកគេបានតែគឺត្រូវស្ថិតនៅទីតាំង ដែលអាជ្ញាធរអាកាសយានដ្ឋានរៀបចំទុកឲ្យ។
គួរជម្រាបថា ការសម្រេចរបស់តុលាការហុងកុង បានកើតមានឡើងបន្ទាប់សកម្មភាពធ្វើបាតុកម្ម នៅព្រលានយន្តហោះអន្តរជាតិហុងកុង បានបង្ខំឲ្យជើងហោះហើររាប់រយជើង ត្រូវលុបចោលកាលពីថ្ងៃចន្ទ និងថ្ងៃអង្គារសប្តាហ៍នេះ ខណៈការប្រមូលផ្តុំគ្នាតវ៉ានៅទីនោះ បានបន្តអូសបន្លាយមកតាំងពីថ្ងៃសុក្រសប្តាហ៍មុន។ កាលពីយប់ម្សិលមិញ ការប៉ះទង្គិចគ្នាក៏បានផ្ទុះឡើងយ៉ាងចាស់ដៃ រវាងក្រុមបាតុករ និងប៉ូលិសហុងកុងផងដែរ។ ដោយឡែកនៅព្រឹកថ្ងៃពុធនេះ អាកាសយានដ្ឋានអន្តរជាតិហុងកុង បានបន្តបើកដំណើរការឡើងវិញ៕