(បាងកក)៖ ក្រុមហ៊ុនអាកាសចរណ៍ Thai Airways International បានប្តូរយកយន្តហោះកាន់តែធំជាងមុន សម្រាប់ការបម្រើសេវាកម្មដឹកជញ្ជូន បាងកក-ហុងកុង នៅពុធសប្តាហ៍នេះ ដើម្បីនាំយកអ្នកធ្វើដំណើរទាំងអស់របស់ខ្លួន ដែលជាប់គាំង នៅអាកាសយានដ្ឋានហុងកុង ដែលជាកន្លែងរងការតវ៉ានោះ ត្រឡប់មកទីក្រុងបាងកកវិញ, នេះបើយោងតាមសារព័ត៌មាន Bangkok Post ចុះផ្សាយឲ្យដឹង នាយប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩នេះ។
ប្រធានក្រុមហ៊ុន Thai Airways លោក Sumeth Damrongchaitham បានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ជាតិថៃ បាននឹងកំពុងប្រើប្រាស់ យន្តហោះតួខ្លួនវែងជាងមុន សម្រាប់ជើងហោះហើរបាងកក-ហុងកុង ជើងហោះហើរលេខ TG638 និងជើងហោះហើរត្រឡប់មកវិញ គឺជើងហោះហើរលេខ TG639។ គួររំលេចថា ក្រុមហ៊ុនអាកាសចរណ៍ថៃ បាននាំយកក្រុមអ្នកដំណើរចំនួន៩២១នាក់ ពីទីក្រុងហុងកុង នៅថ្ងៃអង្គារនៃសប្តាហ៍នេះ នៃជើហោះហើរ៤ជើងរបស់ខ្លួន។
អ្នកធ្វើដំណើររបស់ក្រុមហ៊ុន Thai Airways ប្រមាណ១៥០នាក់ បានជាប់គាំងនៅអាកាសយានដ្ឋានហុងកុង នៅថ្ងៃពុធម្សិលមិញនេះ ហើយអ្នកធ្វើដំណើរ៦០នាក់ទៀត មកពីក្រុមហ៊ុនអាកាសចរណ៍ផ្សេង ដែលភាគច្រើនជាជនជាតិថៃនោះ ក៏ចង់ធ្វើដំណើរត្រឡប់មកផ្ទះវិញ តាមក្រុមហ៊ុន Thai Airways ផងដែរ៕