(តូក្យូ)៖ ព្រះចៅអធិរាជថ្មីរបស់ជប៉ុនព្រះនាម ណារុហ៊ីតុ (Naruhito) បានសម្តែងចេញរាជព្រះទ័យ ប្រកបដោយវិប្បដិសារីយ៉ាងជ្រាលជ្រៅ ចំពោះទង្វើដែលអតីតទាហានជប៉ុនបានធ្វើ ក្នុងអំឡុងនៃសង្គ្រាមលោកលើកទី ២ ជាមួយនឹងក្តីសង្ឃឹមថា សង្គ្រាមបែបនោះនឹងមិនកើតឡើងជាថ្មីម្តងទៀតទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហ៊ួ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហា ឆ្នាំ២០១៩។

ការកត់សម្គាល់ដូចខាងលើនេះ ត្រូវបានធ្វើឡើងនៅក្នុងឱកាសបង្ហាញព្រះរាជវត្តមាន ជាលើកដំបូងបង្អស់របស់ព្រះអង្គក្នុងពិធីប្រចាំឆ្នាំមួយ ដើម្បីចូលរួមមរណទុក្ខដល់ជីវិតមនុស្សទាំងអស់ ដែលបានបាត់បង់ក្នុងសង្គ្រាមលោកលើកទី ២ ក្រោយពីទ្រង់បានឡើងគ្រងរាជ្យជាផ្លូវការ ក្លាយជាព្រះចៅអធិរាជថ្មីរបស់ជប៉ុន កាលពីដើមខែឧសភាកន្លងទៅថ្មីៗនេះ។

នៅក្នុងសុន្ទរកថារបស់ទ្រង់ ដែលបានថ្លែងក្នុងខួបលើកទី ៧៤ នៃការចុះចាញ់របស់ជប៉ុនក្នុងសង្គ្រាមលោកលើកទី ២ ព្រះចៅអធិរាជ ណារុហ៊ីតូ បានសម្តែងពីវិប្បដិសារីដ៏ជ្រាលជ្រៅចំពោះទង្វើទាហានជប៉ុន ព្រមទាំងសង្ឈឹមថា ការហែកហួរគ្នាដោយសារសង្គ្រាម នឹងមិនកើតមានម្តងទៀតឡើយ។

ព្រះរាជបន្ទូលរបស់ទ្រង់ត្រូវបានដកស្រង់យ៉ាងដូច្នេះថា «ក្រឡេកទៅមើលរយៈពេល ដ៏យូរអង្វែងនៃសន្តិភាពក្រោយសង្គ្រាម វាបានឆ្លុះបញ្ចាំងពីអតីតកាលរបស់យើងដ៏ឈឺចាប់ ជាមួយនឹងការដក់ជាប់អារម្មណ៍ នូវវិប្បដិសារីយ៉ាងជ្រាលជ្រៅ។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា សង្រ្គាមបែបនេះនឹងមិនកើតមានឡើងម្តងទៀតឡើយ»

គួរជម្រាបថា ពាក្យថា «វិប្បដិសារីយ៉ាងជ្រាលជ្រៅ» ដែលព្រះចៅអធិរាជជប៉ុន បានប្រើពេលនេះ គឺជាពាក្យតែមួយដែលអតីតព្រះចៅអធិរាជ អាគីហ៊ីតុ (Akihito) ធ្លាប់បានប្រើក្នុងពីធីរំលឹកខួបលើកទី ៧០ នៃការចុះចាញ់របស់ជប៉ុន ក្នុងសង្គ្រាមលោកលើកទី ២ កាលពីឆ្នាំ២០១៥ កន្លងទៅ។ ក្នុងព្រះជន្មាយុ ៥៩វស្សា ព្រះចៅអធិរាជថ្មី ណារុហ៊ីតុ ដែលទើបតែបានឡើងសោយរាជ្យសម្បត្តិ បន្តពីព្រះរាជបិតាទ្រង់ដែលបានដាក់រាជ្យ កាលពីខែឧសភាកន្លងទៅនេះ៕