(ជីប្រាល់តា-អង់គ្លេស)៖ អាជ្ញាធរដែនដីជីប្រាល់តា (Gibraltar) ដែលជាកម្មសិទ្ធិរបស់អង់គ្លេស នៅថ្ងៃព្រហស្បតិ៍នេះបានទទួលស្គាល់ថា ក្រសួងយុត្តិធម៌អាមេរិក ពិតជាបានដាក់សំណើមួយឱ្យខ្លួនបន្តឃាត់ទុក និងរឹបអូសនាវាដឹងប្រេងអ៊ីរ៉ង់ Grace-1។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហា ឆ្នាំ២០១៩។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន អាជ្ញាធរដែនដី Gibraltar បានបញ្ជាក់ដែរថា សំណើរបស់សហរដ្ឋអាមេរិក កំពុងស្ថិតនៅក្រោមការពិចារណា ហើយវានឹងត្រូវបញ្ជូនបន្តទៅកាន់តុលាការកំពូល Gibraltar នៅម៉ោង ៤៖០០នាទីរសៀល ថ្ងៃព្រហស្បតិ៍នេះ (ម៉ោងនៅក្នុងតំបន់)។ ប៉ុន្តែអ្វីដែលគួរកត់សម្គាល់ សំណើពីរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន កើតមានឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ មុននឹងកប៉ាល់ដឹងប្រេងអ៊ីរ៉ង់ Grace-1 ត្រូវបានគេរំពឹងថា នឹងត្រួវដោះលែងនៅថ្ងៃព្រហស្បតិ៍នេះដែរ។

គួរបញ្ជាក់ថា កប៉ាល់ដឹងប្រេង Grace-1 របស់អ៊ីរ៉ង់ ត្រូវបានកងម៉ារីនអង់គ្លេសរឹបអូស នៅក្នុងដែនទឹកនៃតំបន់ Gibraltar កាលពីថ្ងៃទី០៤ ខែកក្កដា កន្លងទៅ តាមសំណើរបស់សហរដ្ឋអាមេរិកដែលបានចោទថា កប៉ាល់នេះរំលោភលើទណ្ឌកម្ម សហភាពអឺរ៉ុបក្នុងការដឹកប្រេងទៅកាន់ប្រទេសស៊ីរី។ ក្រោយមកទៀតអ៊ីរ៉ង់បានចាប់ទុក​កប៉ាល់ដឹកប្រេងរបស់អង់គ្លេសមួយគ្រឿងវិញ ដោយចោទថាបានបំពានច្បាប់ដែនសមុទ្រ និងថែមទាំងបានស្នើឲ្យធ្វើការដោះដូរកប៉ាល់ មួយទល់មួយជាមួយអង់គ្លេសផងដែរ៕