(ឡុងដ៍)៖ អគ្គរដ្ឋទូតចិនប្រចាំទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស លោក លីវ ហ្សាវមីង (Liu Xiaoming) បានបញ្ជាក់ជាថ្មីថា ទីក្រុងហុងកុងគឺជាទឹកដីរបស់ចិន ហើយបណ្ដាប្រទេសមួយចំនួនគួរតែបញ្ឈប់ការជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងរបស់ទីក្រុងហុងកុងតទៅទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី១៦ ខែសីហា ឆ្នាំ២០១៩។

លោក Liu Xiaoming ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងសន្និសីទសារព័ត៌មាន នៅឯស្ថានទូតចិនប្រចាំទីក្រុងឡុងដ៍ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ នាឱកាសនោះអគ្គរដ្ឋទូតចិនរូបនេះបានលើកឡើងយ៉ាងដូច្នេះថា «អ្នកនយោបាយលោកខាងលិច និងក្រុមអង្គការមួយចំនួនបានបង្ហាញការគាំទ្រ ដល់ក្រុមបាតុករដែលបង្កហិង្សា ព្រមទាំងព្យាយាមលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ហុងកុង និងរារាំងប៉ូលិសហុងកុង មិនឲ្យនាំយកជនល្មើសមកកាត់ទោសតាមច្បាប់ថែមទៀត»

គួរបញ្ជាក់តាមលោក Liu បន្ថែមទៀតថា ស្ថានភាពក្នុងទីក្រុងហុងកុង នឹងមិនអាក្រក់ដូចបច្ចុប្បន្ន បើសិនជាគ្មានការជ្រៀតជ្រែក និងញុះញុងពីបរទេសខាងក្រៅ។ បើតាមលោកអគ្គរដ្ឋទូតចិនបាតុករបង្កហិង្សាទាំងអស់ ត្រូវតែយកមកកាត់ទោសតាមផ្លូវច្បាប់ រីឯបរទេសដទៃគួរតែប្រុងប្រយ័ត្នចំពោះទង្វើរបស់ខ្លួន ដ្បិតអ្វីដែលពួកគេកំពុងធ្វើគឺមានន័យថា ពួកគេនឹងទម្លាក់ដុំថ្មលើជើងខ្លួនឯងតែប៉ុណ្ណោះ៕