(ហុងកុង)៖ មេដឹកនាំក្រុមបាតុករក្រុងហុងកុង លោក ចូសហ័រ វ៉ុង (Joshua Wong) បាននិយាយថា ប្រធានាធិបតីចិនលោក ស៊ី ជិនពីង ត្រូវបានស្វាមគន៍ដើម្បីជួបពិភាក្សាជាមួយក្រុមបាតុកតដោយផ្ទាល់ និងបើកចំហ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bloomberg នៅរសៀលថ្ងៃសុក្រ ទី១៦ ខែសីហា ឆ្នាំ២០១៩។ 

លោក Joshua Wong មានអាយុ ២២ឆ្នាំ និងជាមេដឹកនាំដ៏មានឥទ្ធិពលម្នាក់ នៃគណបក្សប្រឆាំងគំាទ្រលទ្ធិប្រជាធិបតេយ្យ ឌែម៉ូស៊ីស្តូ (Demosistō) បានធ្វើការកត់សម្គាល់ខាងលើ នៅក្នុងសារមួយបង្ហោះលើ Twitter នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ និងប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ថា វិបត្តិនៅក្នុងទីក្រុងហុងកុងអាចនឹងត្រួវបានបញ្ចប់ បើសិនជាលោក ស៊ី ជិនពីង ជួបជាមួយក្រុមបាតុករដោយផ្ទាល់។ ប៉ុន្តែទន្ទឹមគ្នាក្រុមមន្ត្រីចិនបានចាត់ទុកថា ការលើកឡើងបែបនេះ គឺជាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ទីក្រុងហុងកុង ដែលជាដែនដីមួយរបស់ចិន។

គួរបញ្ជាក់ថា លោក Joshua Wong គឺជាមេដឹកនាំក្រុមប្រឆាំងនៅក្រុងហុងកុងដ៏មានឥទ្ធិពលម្នាក់ ហើយលោក ក៏ធ្លាប់ជាប់ឃុំក្នុងរយៈពេលខ្លីផងដែរ ដោយសារតែលោកបានដឹកនាំការធ្វើបាតុកម្មតវ៉ាទាមទារ លទ្ធិប្រជាធិបតេយ្យកាលពីឆ្នាំ២០១៤។ យ៉ាងណាក៏ដោយទីក្រុងប៉េកាំង ហាក់មិនបានសញ្ញាណាមួយក្នុងការបន្ធូរដៃនោះឡើយ ដោយខ្លួនបានអំពាវនាវឲ្យមានការ ចាប់ខ្លួនក្រុមបាតុករដែលបង្កហិង្សា និងព្រមានបរទេសមិនឲ្យជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង៕