(វ៉ាស៊ីនតោន)៖ នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ ខាថាយប៉ាស៊ីហ្វិក (Cathay Pacific) លោក រូភើត ហូក (Rupert Hogg) បានសម្រេចចិត្តលាលែងចេញពីតំណែង ហើយក្រុមប្រក្សាភិបាលក្រុមហ៊ុនមួយនេះ ក៏បានទទួលយក ពាក្យសុំលាលែងរបស់លោកដែរ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន South China Morning Post នៅល្ងាចថ្ងៃសុក្រ ទី១៦ ខែសីហា ឆ្នាំ២០១៩។

ការលាលែងចេញពីតំណែងរបស់លោក Rupert Hogg ត្រូវបានរាយការណ៍ដំបូងដោយ សារព័ត៌មានរដ្ឋចិន CCTV ដែលបានបញ្ជាក់ថា លោក ផូល លូ (Paul Loo) ជាប្រធានផ្នែកអតិថិជន និងពាណិជ្ជកម្មរបស់ក្រុមហ៊ុន Cathay ក៏បានលាលែងចេញតំណែងផងដែរ។ ម្យ៉ាងវិញទៀតការលាលែងតំណែងរបស់លោក Hogg ធ្វើឡើងតែមួយសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍ មានមូលដ្ឋានក្នុងទីក្រុងហុងកុងមួយនេះ បណ្ដេញបុគ្គលិកបួននាក់ ក្នុងនោះរួមមានពីរឡុតពីរនាក់ និងបុគ្គលិកអាកាសយានដ្ឋានពីរនាក់ ដែលត្រូវបានគេចោទថា ចូលរួមក្នុងបាតុកម្មតវ៉ាប្រឆាំងរដ្ឋាភិបាលក្រុងហុងកុង។

គួរបញ្ជាក់ថា លោក Rupert Hogg មានអាយុ ៥៦ឆ្នាំ បានក្លាយជានាយកប្រតិបត្តិក្រុមហ៊ុន Cathay នៅខែឧសភា ឆ្នាំ២០១៧។ អាកាសចរណ៍ Cathay Pacific គឺជាក្រុមហ៊ុនដ៏ធំមួយដែលមានទីស្នាក់ការ នៅក្នុងអគារព្រលានយន្តហោះអន្តរជាតិ នៃទីក្រុងហុងកុងផ្ទាល់តែម្តង។ អាកាសចរណ៍ប្រចាំទីក្រុងហុងកុងនេះ មានគោលដៅហោះហើរទៅមកបណ្តាប្រទេសជាង ៦០ នៅទូទាំងពិភពលោក និងមានបុគ្គលិកបម្រើការងារសរុបជាង ៣២,០០០នាក់៕