(អាមេរិក)៖ ក្រុមអ្នកស្រាវជ្រាវនៃកងទ័ពអាកាសអាមេរិក និងក្រុមហ៊ុនផ្នែកបច្ចេកវិទ្យាយន្តហោះ DZYNE Technologies បានឲ្យដឹងថា កាលពីសប្តាហ៍មុនភាគីទាំងពីរបានទទួលជោគជ័យមួយ ក្នុងការប្រើរ៉ូបូតឲ្យបញ្ជាលើយន្តហោះជំនួសមនុស្សពិត។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសៅរ៍ ទី១៧ ខែសីហា ឆ្នាំ២០១៩។

ការធ្វើតេស្តនោះត្រូវបានធ្វើឡើងកាលពីថ្ងៃទី០៩ ខែសីហាកន្លងទៅថ្មីៗនេះ និងមានរយៈពេលហោះហើរ ០២ម៉ោង ដោយប្រើរ៉ូបូតធ្វើជាអ្នក បញ្ជាការហោះហើរផ្ទាល់នៃយន្តហោះមួយគ្រឿងស៊េរី Cessna 206 Stationair។ កម្មវិធីអភិវឌ្ឍន៍បច្ចេកវិទ្យានេះមានឈ្មោះថា Robotic Pilot Unmanned Conversion Program ឬក៏អាចហៅខ្លីថា «ROBOpilot (ពីឡុតរ៉ូបូត)»

គួរជម្រាបថា បើតាមទ័ពអាកាសអាមេរិក គោលដៅនៃគម្រោងខាងលើ គឺដើម្បីឈានទៅរកការបំពាក់បច្ចេកវិទ្យា ROBOpilot នៅលើយន្តហោះចម្បាំងចាស់ៗ ដែលនឹងរួមទាំង F-16 ជាដើម។ សម្រាប់ចក្ខុវិស័យនាថ្ងៃអនាគត នៃយន្តហោះគ្មានមនុស្សបើក គឺនឹងមិនចាំបាច់ប្រើមនុស្សបញ្ជានៅពីក្រោយខ្នង ដូចជាដ្រូនទៀតឡើយ ប៉ុន្តែជំនួសមកវិញនូវប្រព័ន្ធដែលធ្វើការបញ្ជាគ្រប់គ្រង ដោយស្វ័យប្រវត្តិទាំងស្រុងតែម្តង៕