(ស៊ូដង់)៖ ក្រុមប្រឹក្សាយោធាស៊ូដង់ និងគណបក្សប្រឆាំង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង «ចែកអំណាច» មួយ សំដៅបិទបញ្ចប់វិបត្តិនយោបាយនៅក្នុងប្រទេសស៊ូដង់ អស់រយៈពេលជា ច្រើនខែមកនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី១៨ ខែសីហា ឆ្នាំ២០១៩។

យោងតាមកិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខានៅថ្ងៃសៅរ៍ ចុងសប្ដាហ៍នេះ ក្រុមប្រឹក្សា មួយនឹងត្រូវបានបង្កើតឡើង ដោយក្នុងនោះមានសមាជិក៦ នាក់មកពីគណបក្សប្រឆាំង និង៥នាក់ មកពីក្រុមប្រឹក្សាយោធាស៊ូដង់ ដែលនឹងដឹកនាំប្រទេសរហូតដល់ការបោះឆ្នោតមួយត្រូវបានធ្វើឡើង។ បន្ថែមពីលើនេះ ទាំងគណបក្សប្រឆាំង និងយោធាក៏បានឯកភាព គ្នាផងដែរក្នុងការផ្លាស់ប្ដូរវេនប្រធានក្រុមប្រឹក្សានេះ ជារៀងរាល់បីឆ្នាំម្ដង ខណៈនាយករដ្ឋមន្ត្រី ស៊ីវិលម្នាក់អាចនឹងត្រូវបានតែងតាំងនៅសប្ដាហ៍ក្រោយ។

គួរបញ្ជាក់ថា ប្រទេសស៊ូដង់ បានធ្លាក់ចូលក្នុងវិបត្តិនយោបាយ និងបាតុកម្មតវ៉ាដ៏ហិង្សា រយៈពេល ជាច្រើនខែមកហើយ បន្ទាប់ពីអតីតប្រធានាធិបតីស៊ូដង់ លោក Omar al-Bashir ត្រូវបានគេ ទម្លាក់ពីអំណាចកាលពីខែមេសា កន្លងទៅ។ ចំណែកឯ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ខាងលើ ធ្វើឡើងក្រោមវត្តមាននាយករដ្ឋមន្ត្រីអេត្យូពី អេហ្ស៊ីប និងប្រធានាធិបតីស៊ូដង់ខាងត្បូង ផងដែរ៕