(វ៉ាស៊ីនតោន)៖ រដ្ឋមន្រ្តីពាណិជ្ជកម្មអាមេរិក លោក Wilbur Ross នាថ្ងៃចន្ទនេះ បានប្រកាសថា រដ្ឋាភិបាលអាមេរិកនឹងអនុញ្ញាតឲ្យ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Huawei ទិញផលិតផលនិងសេវាកម្មផ្សេងៗ ពីក្រុមហ៊ុនអាមេរិកបានជាបណ្តោះអាសន្ន សម្រាប់រយៈពេល៩០ថ្ងៃទៀត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅយប់ថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ២០១៩។
លោក Ross បានបញ្ជាក់ថា ការសម្រេចបន្តពន្យារពេល៩០ថ្ងៃទៀតនេះ គឺដើម្បីផ្តល់ពេលវេលាបន្ថែមឲ្យអតិថិជនរបស់ Huawei នៅទូទាំងសហរដ្ឋអាមេរិក សម្រាប់ងាកចេញពីផលិតផលបច្ចេកវិទ្យារបស់ក្រុមហ៊ុន Huawei ដែលត្រូវបានអាមេរិកចោទប្រកាន់ទាំងគ្មានភស្តុតាងថា បង្កការគំរាមកំហែងជាខ្លាំងដល់សន្តិសុខជាតិរបស់ខ្លួន។
យ៉ាងណាមិញ លោករដ្ឋមន្រ្តីពាណិជ្ជកម្មអាមេរិក បានបន្ថែមថា លោកនឹងកត់ឈ្មោះក្រុមហ៊ុនជាបុត្រសម្ព័ន្ធរបស់ Huawei ចំនួន៤៦ទៀត ដែលរួមមាននៅតាមប្រទេសអាហ្សង់ទីន អូស្រ្តាលី បេឡារុស ចិន កូស្តារីកា បារាំង ឥណ្ឌា អ៊ីតាលី ម៉ិចស៊ីកូ ជាដើម ចូលក្នុងបញ្ជីខ្មៅ។ ប្រការនេះនឹងធ្វើឲ្យចំនួនក្រុមហ៊ុនជាបុត្រសម្ព័ន្ធរបស់ Huawei កើនដល់ជាង១០០ហើយ ដែលត្រូវជាប់ក្នុងបញ្ជីខ្មៅពាណិជ្ជកម្មរបស់អាមេរិក។
គួរជម្រាបថា តែប៉ុន្មានថ្ងៃ ក្រោយដាក់ក្រុមហ៊ុន Huawei ចូលក្នុងបញ្ជីខ្មៅផ្នែកពាណិជ្ជកម្ម កាលពីខែឧសភាកន្លងទៅ ក្រសួងពាណិជ្ជកម្មអាមេរិក បានផ្តល់ការអនុញ្ញាតជាបណ្តោះអាសន្នរយៈពេល៩០ថ្ងៃ ដើម្បីឲ្យ HuaweI អាចទិញផលិតផល និងសេវាកម្មមួយចំនួនពីក្រុមហ៊ុនអាមេរិក ដើម្បីកាត់បន្ថយការប៉ះពាល់ព្រោះបម្រាមនោះវាភ្លាមៗពេក។ ការអនុញ្ញាតនោះ ត្រូវផុតកំណត់នៅថ្ងៃចន្ទនេះ ទើបអាមេរិកចេញមុខបញ្ជាក់ថា នឹងបន្តពន្យារ៩០ទៀត៕