(តៃវ៉ាន់)៖ កងកម្លាំងយន្ដហោះចម្បាំង F-16V «Viper» ថ្មី នឹងជួយពង្រឹងសមត្ថភាពការពារទឹកដីរបស់កោះតៃវ៉ាន់ ប្រឈមមុខនឹងការគំរាមកំហែងវាយប្រហារណាមួយ ពីសំណាក់ទីក្រុងប៉េកាំង។ ប៉ុន្តែនេះមិនមែនមានន័យថា F-16V អាចជួយឱ្យតៃវ៉ាន់មានសមត្ថភាពយោធា ស្មើនឹងចិននោះទេ។ នេះបើតាមការសន្និដ្ឋានពីក្រុមអ្នកជំនាញយោធា។

ក្រុមអ្នកជំនាញយោធាដូចជាលោក សុង ចុងពីង (Song Zhongping) ដែលជាអ្នកជំនាញយោធាម្នាក់មានមូលដ្ឋាននៅក្នុងទីក្រុងហុងកុង បានធ្វើការសន្និដ្ឋានខាងលើ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ យល់ព្រមលក់យន្ដហោះចម្បាំង F-16V «Viper» ផលិតដោយក្រុមហ៊ុន Lockheed Martin ចំនួន ៦៦គ្រឿងក្នុងតម្លៃជាង ៨ពាន់លានដុល្លារឱ្យកោះតៃវ៉ាន់។

យោងតាមលោក Song យន្ដហោះចម្បាំងអាមេរិក F-16V ដែលមួយគ្រឿងមានតម្លៃ ១២០លានដុល្លារពិតជាមានសមត្ថភាពខ្ពស់ និងអាចជួយពង្រឹងសមត្ថភាពការពារទឹកដីរបស់តៃវ៉ាន់បាន។ ប៉ុន្តែដោយសារតែតៃវ៉ាន់ នៅជិតបង្កើយនឹងចិនខ្លាំង F-16V ប្រហែលជាមិនអាចជួយដែនកោះមួយនេះទេ ក្នុងការសង្រ្គាមជាមួយចិនផ្ទុះឡើង។

លោក Song បានគូសបញ្ជាក់យ៉ាងដូច្នេះថា « F-16V ពិតជាមានសមត្ថភាព ហើយអាចបង្កគ្រោះថ្នាក់ដល់កងទ័ពចិន... ប៉ុន្តែនេះមិនមែនមានន័យថា វាអាចជួយឱ្យតៃវ៉ាន់មានសមត្ថភាពយោធាស្មើនឹងចិននោះទេ ពីព្រោះតៃវ៉ាន់នៅកៀកចិនពេក ហើយដែលនេះធ្វើឱ្យកងទ័ពចិន អាចឃ្លាំមើលរាល់សកម្មភាពយន្ដហោះចម្បាំងតៃវ៉ាន់។ ម្យ៉ាងវិញទៀត តុល្យភាពយោធាមិនមែនសំដៅតែទៅលើ យន្ដហោះចម្បាំងតែមួយមុខនោះដែរ ខណៈដែលយោធាចិនកំពុងធ្វើទំនើបកម្មយោធា ទាំងនាវាផ្ទុកយន្ដហោះ ចម្បាំង និងមីស៊ីលថែមទៀតនោះ»

គួរបញ្ជាក់ថា បើសិនជាសភាអាមេរិកអនុម័តលើការលក់យន្ដហោះចម្បាំង F-16V ពិតមែន នោះវានឹងក្លាយជាលើកដំបូងបំផុតចាប់តាំងពីឆ្នាំ១៩៩២ ដែលសហរដ្ឋអាមេរិកអាចលក់យន្ដហោះចម្បាំងប្រភេទេឱ្យកោះតៃវ៉ាន់។ ប៉ុន្តែទីក្រុងប៉េកាំងទំនងជានឹងមិនបណ្ដោយឱ្យទីក្រុងតៃប៉ិ មានយោធាខ្លាំងក្លានោះទេ ជាមួយការព្រមានថា ការលក់យន្ដហោះចម្បាំងនេះ និងអាវុធឱ្យកោះតៃវ៉ាន់នឹងបង្កជាផលវិបាកយ៉ាងធ្ងន់ ដែលគ្រប់គ្នានឹកស្មានមិនដល់៕

ប្រភព៖ សារព័ត៌មាន South China Morning Post (ថ្ងៃអង្គារ ទី២០ ខែសីហា ឆ្នាំ២០១៩)