(ហុងកុង)៖ របាយការណ៍ថ្មីមួយបានឱ្យដឹងថា យោធាអាមេរិកមិនមែនជាយោធាខ្លាំងពូកែ គ្មានគូប្រៀបដូចមុនទៀតនោះទេនៅក្នុងតំបន់អាស៊ី ខណៈបច្ចុប្បន្នសមត្ថភាពមីស៊ីលរបស់ចិន អាចបាញ់ពន្លិចមូលដ្ឋានយោធាអាមេរិក នៅក្នុងតំបន់អាស៊ីនេះត្រឹមពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNN នៅរសៀលថ្ងៃអង្គារ ទី២០ ខែសីហា ឆ្នាំ២០១៩។
យោងតាមរបាយការណ៍ថ្មីមួយ ចេញផ្សាយដោយមជ្ឈមណ្ឌលសិក្សាសហរដ្ឋអាមេរិក នៃសាកលវិទ្យាល័យស៊ីដនីប្រទេសអូស្រ្តាលីនៅក្នុងសប្ដាហ៍នេះ យុទ្ធសាស្រ្តការពារជាតិអាមេរិក នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក កំពុងស្ថិតនៅក្នុងវិបត្តិមួយមិនធ្លាប់មានពីមុនមក ហើយដែលនេះអាចនឹងបង្កការលំបាកដល់សហរដ្ឋអាមេរិក ក្នុងការពារសម្ព័ន្ធមិត្តរបស់ខ្លួនពីការវាយប្រហារ ជាយថាហេតុណាមួយពីសំណាក់យោធាចិន។
របាយការណ៍ដដែលក៏បានព្រមានដែរថា សម្ព័ន្ធមិត្តអាមេរិកដូចជាជប៉ុន និងអូស្រ្តាលីជាដើម ចាំបាច់ត្រូវតែបង្កើន និងពង្រឹងវត្តមានយោធារបស់ខ្លួននៅក្នុងតំបន់ តាមរយៈការបង្កើនកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក ដើម្បីធានសន្តិសុខរបស់ពួកគេ។
គួរបញ្ជាក់ថា បច្ចុប្បន្នសមត្ថភាពយោធាចិន កំពុងរីកចំរើនទៅមុខគួរឱ្យកត់សម្គាល់ បើធៀបទៅនឹងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអាមេរិកនៅក្នុងតំបន់ ជាពិសេសគឺមីស៊ីលតែម្ដង បើតាមរបាយការណ៍ខាងលើបញ្ជាក់ថា ចិនមានរាប់ពាន់គ្រាប់ឯណោះ។ តែទោះជាយ៉ាងណាក៏ដោយ ក្រសួងការបរទេសចិននៅថ្ងៃចន្ទសប្ដាហ៍នេះបានអះអាងថា ទីក្រុងប៉េកំាងមិន បានមើលរបាយការណ៍នេះនៅឡើយទេ ហើយអ្នកនាំពាក្យក្រសួងការបរទេសចិន លោក ហ្គែង ហ្ស័ង (Geng Shuang) ក៏បានបញ្ជាក់ដែរថា គោលនយោបាយយោធាចិនគឺផ្ដោតសំខាន់តែទៅលើការពង្រឹង សមត្ថភាពការពារខ្លួនឯងប៉ុណ្ណោះ៕