(ហុងកុង)៖ ក្រុមហ៊ុនពាណិជ្ជកម្មតាមអនឡាញ ធំជាងគេបង្អស់នៅប្រទេសចិនគឺ Alibaba Group បានសម្រេចពន្យារពេលចុះបញ្ជី ចូលក្នុងទីផ្សារភាគហ៊ុនទីក្រុងហុងកុង (HKSE) ដោយសារតែអស្ថេរភាពនយោបាយ ហើយក៏មិនទាន់មានកាលបរិច្ឆេទជាថ្មី នៅក្នុងស្ថានការណ៍ដែលមិនទាន់ច្បាស់លាស់នេះដែរ។ នេះបើតាមការដកស្រង់ ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ២០១៩។
យោងតាមប្រភពដែលទីភ្នាក់ងារព័ត៌មាន Reuters ទទួលបាន ក្រុមប្រឹក្សានាយកនៃក្រុមហ៊ុន Alibaba Group បានសម្រេចផ្អាកគម្រោងចុះបញ្ជីលក់ភាគហ៊ុន នៅក្នុងទីផ្សារភាគហ៊ុនហុងកុង (HKSE) ដែលបានគ្រោងនឹងប្រព្រឹត្តទៅនៅចុងខែសីហានេះ ព្រោះតែបញ្ហាអស្ថេរភាពផ្នែកនយោបាយក៏ដូចជាហិរញ្ញវត្ថុ ចំពោះមុខការបន្តធ្វើបាតុកម្មជាង ១១សប្តាហ៍មកហើយ។ ម៉្យាងវិញទៀត Alibaba ក៏ពុំទាន់មានការកំណត់ពេលផ្លូវការជាថ្មីដែរ ប៉ុន្តែគម្រោងនេះអាចនឹងចាប់ផ្តើម នៅពេលដែលស្ថានការណ៍មានភាពធូរស្រាលឡើងវិញ ។
គួរជម្រាបថា តាមរយៈគម្រោងចុះបញ្ជីដាក់លក់ភាគហ៊ុន ជាសាធារណៈនៅទីក្រុងហុងកុង ក្រុមហ៊ុន Alibaba នឹងអាចរកមូលធនបានបន្ថែមចន្លោះពី ១០-១៥ពាន់លានដុល្លារ។ វាក៏អាចចាត់ទុកថាជាជោគជ័យមួយសម្រាប់ហុងកុងដែរ ព្រោះថាកាលពីឆ្នាំ២០១៤ ក្រុមហ៊ុន Alibaba បានងាកទៅចុះបញ្ជីលក់ភាគហ៊ុនជាសាធារណៈ នៅឯទីក្រុងញូយ៉ករបស់សហរដ្ឋអាមេរិក ព្រោះតែមានបញ្ហាជាមួយច្បាប់ចុះបញ្ជីភាគហ៊ុនរបស់ហុងកុង ប៉ុន្តែប៉ុន្មានកន្លងទៅនេះ ហុងកុងបានកែសម្រួលច្បាប់របស់ខ្លួន ក្រោមគោលដៅទាក់ទាញក្រុមហ៊ុនធំៗរបស់ចិន។ ការចុះបញ្ជីលក់ភាគហ៊ុននៅញូយ៉ក Alibaba រកមូលធនបាន ២៥ពាន់លានដុល្លារ ដែលច្រើនជាងគេបង្អស់មិនធ្លាប់មាន៕