(វ៉ាស៊ីនតោន)៖ មន្ត្រីអាមេរិកពីរនាក់ នៅថ្ងៃពុធនេះ បានឱ្យដឹងថាយន្ដហោះដ្រូនយោធាអាមេរិក MQ-9 មួយ គ្រឿងត្រូវបានបាញ់ទម្លាក់នៅក្នុងតំបន់ Dhamar នៃរដ្ឋធានីសាណាអា ដែលគ្រប់គ្រងដោយក្រុមឧទ្ទាមហ៊ូទី មានអ៊ីរ៉ង់ជាខ្នងបង្អែក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ២០១៩។
យោងតាម Reuters អ្នកនាំពាក្យក្រុមឧទ្ទាមហ៊ូទី ក៏បានអះអាងដែរថាប្រព័ន្ធមីស៊ីលការពារដែនអាកាសរបស់ខ្លួន បានបាញ់ទម្លាក់យន្ដហោះដ្រូនអាមេរិកមួយគ្រឿង។ ដោយឡែក ក្រុមមន្ត្រីអាមេរិកទាំងពីរនាក់ខាងលើ បានបញ្ជាក់នៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា យន្ដហោះដ្រូន MQ-9 ត្រូវបានបាញ់ទម្លាក់កាលពីថ្ងៃអង្គារ។
ប៉ុន្តែខាងក្រសួងការពារជាតិអាមេរិក មិនទាន់ទទួលស្គាល់សេចក្ដីរាយការណ៍នេះទេ ខណៈនេះមិនមែនជាលើកទី មួយឡើយដែលយន្ដហោះដ្រូនអាមេរិកត្រូវបានបាញ់ទម្លាក់ នៅក្នុងប្រទេសយ៉េមែន។ ពោលគឺកាលពីខែមិថុនា ក្រុមឧទ្ទាមហ៊ូទីមានអ៊ីរ៉ង់ជាខ្នងបង្អែក បានបាញ់ទម្លាក់យន្ដហោះដ្រូនមួយគ្រឿងរបស់អាមេរិកដោយមាន ជំនួយពីអ៊ីរ៉ង់ម្ដងរួចមកហើយ៕