(ការ៉ាកាស់)៖ វេណេស៊ុយអេឡា ថ្កោលទោសសហរដ្ឋអាមេរិកយ៉ាងខ្លាំងចំពោះការគំរាមដាក់ទណ្ឌកម្ម បិទខ្ទប់ចរាចរណ៍ផ្លូវទឹកប្រឆាំងនឹងប្រទេសក្នុងតំបន់អាមេរិកឡាទីនមួយនេះ ។ នេះបើតាម រដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡា ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ២០១៩។
នៅក្នុងសារមួយបង្ហោះលើ Twitter នៅថ្ងៃអង្គារសប្ដាហ៍នេះ រដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡា លោក Jorge Arreaza បានគូសបញ្ជាក់ដូច្នេះថា៖ «យើងថ្កោលទោសសហរដ្ឋអាមេរិកយ៉ាងខ្លាំង ទៅកាន់ក្រុមប្រឹក្សាសន្តិសុខ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ចំពោះការគំរាមកំហែង បិទខ្ទប់ចរាចរណ៍ផ្លូវទឹក និងប្រើប្រាស់កម្លាំងបាយប្រឆាំងនឹងប្រជាជនវេណេស៊ុយអេឡា»។
គួរបញ្ជាក់ថា ប្រតិកម្មរបស់លោក Arreaza កើតមានឡើងក្រោយសារព័ត៌មានអាមេរិក Axios news រាយការណ៍ថា លោក ដូណាល់ ត្រាំ មានបំណងបញ្ជូនកងនាវាអាមេរិកឱ្យទៅឈរជើងនៅ តំបន់ឆ្នេរ សមុទ្រវេណេស៊ុយអេឡា ដើម្បីបិទខ្ទប់កុំឱ្យរដ្ឋាភិបាលលោក នីកូឡាស់ ម៉ាឌូរ៉ូ ធ្វើចរាចរណ៍នាំចេញ នាំចូលទំនិញនានា៕