(ញូយ៉ក)៖ រុស្ស៊ី និងចិន បានស្នើកោះប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ជាបន្ទាន់ នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីពិភាក្សាគ្នាពីការផែនការអភិវឌ្ឍ និងដាក់ពង្រាយមីស៊ីលរយៈចំងាយ មធ្យមរបស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ២០១៩។
ទីភ្នាក់ងារព័ត៌មាន Reuters ធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយផ្អែកលើសំណើមួយ របស់ចិន និងរុស្ស៊ីដែលខ្លួនទទួលបាន។ នៅក្នុងសំណើនេះដដែល ទីក្រុងប៉េកាំង និងទីក្រុងម៉ូស្គូ ចង់កោះ ប្រជុំសមាជិកទាំង១៥ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្រោមរបៀបវារៈ «ការគំរាមកំហែងដល់សន្តិភាព និងសន្តិសុខអន្តជាតិ»។
គួរបញ្ជាក់ថា សំណើខាងលើរបស់ចិន និងរុស្ស៊ី ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយ សហរដ្ឋអាមេរិកអះអាងថាខ្លួនបានធ្វើតេស្ដមីស៊ីលថ្មីមួយ ដែលបានវាយប្រហារចំគោលដៅយ៉ាង ល្អឥតខ្ចោះនៅចំងាយ៥០០គីឡូម៉ែត្រ ហើយនេះគឺជាការបាញ់សាកល្បងមីស៊ីលជាលើកដំបូង បំផុតចាប់តាំងពីសហរដ្ឋអាមេរិក និងរុស្ស៊ីដកខ្លួនចេញជាផ្លូវការពីសន្ធិសញ្ញានុយក្លេអ៊ែរ INF កាលពីថ្ងៃទី២ ខែសីហាមក។
ដោយឡែក នៅពេលត្រូវបានសាកសួរថាតើការធ្វើតេស្ដមីស៊ីលនេះ គឺជាសារផ្ញើជូនរុស្ស៊ី ចិន ឬកូរ៉េខាងជើង រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Mark Esper បាននិយាយចំៗតែម្ដង ថាវាគឺជាសារមួយផ្ញើជូនទីក្រុងប៉េកាំង។
ប៉ុន្តែទន្ទឹមគ្នានោះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក៏បានចោទប្រកាន់សហរដ្ឋអាមេរិក ផងដែរថា មានបំណងដាក់ពង្រាយមីស៊ីលនៅក្នុងប្រទេសរ៉ូមានី និងប៉ូឡូញ ហើយនេះគឺជា សេណារីយ៉ូមួយដែលរុស្ស៊ីចាំបាច់ត្រូវតែចាត់វិធានការឆ្លើយតប។ យ៉ាងណាក៏ដោយ ទីក្រុងវ៉ាស៊ីនតោនបានបញ្ជាក់ជាថ្មីថា ខ្លួនគ្មានផែនការដាក់ពង្រាយមីស៊ីលនៅអឺរ៉ុប ក្នុងពេល ភ្លាមៗនេះទេ៕