(ព្យុងយ៉ាង)៖ អ្នកនាំពាក្យកូរ៉េខាងជើងម្នាក់ នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថាការធ្វើតេស្ដ មីស៊ីលរយៈចំងាយមធ្យម និងផែនការដាក់ពង្រាយយន្ដហោះចម្បាំង F-35 របស់សហរដ្ឋអាមេរិក គឺជាសកម្មភាពប្រកបដោយគ្រោះថ្នាក់ ដែលអាចនឹងធ្វើឱ្យសង្រ្គាមត្រជាក់ថ្មីមួយផ្ទុះឡើងនៅក្នុង តំបន់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ២០១៩។
តាមរយៈការដកស្រង់សម្ដីដោយសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA អ្នកនាំពាក្យក្រសួងការ បរទេសកូរ៉េខាងជើងដដែល បានគូសបញ្ជាក់ដូច្នេះថា៖ « កូរ៉េខាងជើងនៅតែប្រកាន់គោលជំហរ ដោះស្រាយបញ្ហាតាមកិច្ចសន្ទនា និងកិច្ចចរចា...ប៉ុន្តែ កិច្ចសន្ទនា ឬកិច្ចចរចាដែលធ្វើឡើងក្រោម ការគំរាមកំហែងដោយយោធាពីសំណាក់សហរដ្ឋអាមេរិក គឺគ្មានប្រយោជន៍អ្វីសម្រាប់យើង ពីព្រោះវាមានតែធ្វើឱ្យសង្រ្គាមត្រជាក់ថ្មីមួយផ្ទុះឡើងនៅលើតំបន់ឧបទ្វីបកូរ៉េ និងនៅក្នុងតំបន់ ទាំងមូលប៉ុណ្ណោះ»។
គួរជម្រាបថា សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទសប្ដាហ៍នេះ បានអះអាងថាខ្លួនបានធ្វើតេស្ដមីស៊ីលថ្មី មួយ ដែលបានវាយប្រហារចំគោលដៅយ៉ាងល្អឥតខ្ចោះនៅចំងាយ៥០០គីឡូម៉ែត្រ ហើយនេះគឺ ជាការបាញ់សាកល្បងមីស៊ីលជាលើកដំបូងបំផុតចាប់តាំងពីសហរដ្ឋអាមេរិក និងរុស្ស៊ីដកខ្លួនចេញ ជាផ្លូវការពីសន្ធិសញ្ញានុយក្លេអ៊ែរ INF កាលពីថ្ងៃទី២ ខែសីហាមក៕