(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា លោកគឺជាមនុស្សតែម្នាក់គត់ដែលត្រូវបានគេជ្រើសរើស ឱ្យដោះស្រាយបញ្ហាអតុល្យភាពជាមួយចិន បើទោះជាក្រុមអ្នកសា្រវជ្រាវសភាអាមេរិកបានព្រមានថា សង្រ្គាមដំឡើងពន្ធរបស់លោកជាមួយចិន នឹងកាត់បន្ថយទិន្នផលសេដ្ឋកិច្ចអាមេរិក ០.៣ភាគរយនៅឆ្នាំ២០២០ ក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ២០១៩។
ចំពោះមុខក្រុមអ្នកសារព័ត៌មាននៅថ្ងៃពុធសប្ដាហ៍នេះ លោក ដូណាល់ ត្រាំ បានលើកឡើងដែរថា ជីវិតលោកនឹងមានភាពងាយស្រួល បើសិនជាលោកមិនធ្វើសង្រ្គាមពាណិជ្ជកម្មទេនោះ។ ប៉ុន្តែលោកនៅតែការពារ គោលនយោបាយ និងសកម្មភាពរបស់លោក ហើយក៏ជឿជាក់ផងដែរថា ប្រទេសចិន និងសហរដ្ឋអាមេរិកអាចនឹងរកកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ។ លោក ត្រាំ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំគឺជាមនុស្សតែម្នាក់គត់ ដែលត្រូវបានគេជ្រើសរើស... ដូច្នេះខ្ញុំកំពុងដោះស្រាយជាមួយចិន។ ខ្ញុំគឺជាមនុស្សតែម្នាក់ដែលនឹងសម្រេចចិត្តថា ត្រូវដោះស្រាយយ៉ាងណា ហើយតើអ្នកទាំងអស់គ្នាដឹងអ្វីខ្លះ? នោះគឺយើងនឹងទទួលជ័យជម្នះ»។
គួរជម្រាបថា បើតាមក្រុមអ្នកស្រាវជ្រាវសភាអាមេរិក ការផ្លាស់ប្ដូរគោលនយោបាយពាណិជ្ជកម្មបរទេសរបស់សហរដ្ឋអាមេរិក ចាប់តាំងពីខែមករា ឆ្នាំ២០១៨មក នឹងកាត់បន្ថយការរីកចំរើនសេដ្ឋកិច្ចអាមេរិក ០.៣ភាគរយនៅឆ្នាំ២០២០ ខណៈអង្គការរូបយវត្ថុអន្តរជាតិ IMF ព្យាករដែរថា ការរីកចំរើនសេដ្ឋកិច្ចសកលអាចនឹងធ្លាក់ចុះ ០.៥ភាគរយក្នុងឆ្នាំ២០២០ ដោយសារតែសង្រ្គាមពាណិជ្ជកម្មរវាងអាមេរិក និងចិន៕