(អ៊ីស្តង់ប៊ុល)៖ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃតួកគី លោក ស៊ូឡៃម៉ាន សយលូ (Suleyman Soylu) បានបញ្ជាក់ប្រាប់ទូរទស្សន៍ក្នុងស្រុកមួយ កាលពីល្ងាចថ្ងៃអង្គារសប្តាហ៍នេះថា ប្រទេសតួកគីទុកពេលឲ្យ ២ខែបន្ថែមទៀតពោលរហូតដល់ថ្ងៃទី៣០ ខែតុលា សម្រាប់ជនភៀសខ្លួនស៊ីរីដែលមិនបានចុះបញ្ជី ដើម្បីចាកចេញពីទីក្រុងអ៊ីស្តង់ប៊ុល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ២០១៩។

កាលពីខែកក្កដាកន្លងទៅនេះ អភិបាលក្រុងអ៊ីស្តង់ប៊ុលបានប្រកាសថ្ងៃផុតកំណត់ ដែលត្រូវនឹងថ្ងៃទី២០ ខែសីហា សម្រាប់ឲ្យជនភៀសខ្លួនស៊ីរីវិលត្រឡប់ទៅខេត្ត ដែលពួកគេបានចុះឈ្មោះដំបូងវិញវិញ បើពុំដូច្នោះទេនឹងត្រូវប្រឈមមុខនឹង​ការបណ្តេញចេញដោយបង្ខំ។ ប៉ុន្តែកាលពីល្ងាចថ្ងៃអង្គារសប្តាហ៍នេះ អាជ្ញាធរតួកគីបានប្រកាសពន្យាពេល ២ខែបន្ថែមទៀតសម្រាប់ពួកគេ ពោលរហូតដល់ថ្ងៃទី៣០ ខែតុលាខាងមុខ។

គួរជម្រាបថា សង្រ្គាមនៅប្រទេសស៊ីរី ដែលបានអូសបន្លាយជាង ០៨ឆ្នាំមកនេះ បានបណ្តាលឲ្យមានការហូរចូលជនភៀសខ្លួនរាប់លាននាក់ ទៅកាន់ប្រទេសតួកគី លីបង់ និងប្រទេសជិតខាងដទៃទៀត។ ដោយឡែកបច្ចុប្បន្នជនភៀសខ្លួនស៊ីរីប្រមាណ ៣.៦លាននាក់​កំពុងស្នាក់នៅក្នុងប្រទេសតួកគី។ ពួកគេត្រូវបានផ្តល់ជូន «ការការពារបណ្តោះអាសន្ន» ហើយតម្រូវឲ្យរស់នៅកន្លែងដែលពួកគេបានចុះឈ្មោះដំបូង ហើយការធ្វើដំណើរទៅខេត្តផ្សេងទៀត តម្រូវឲ្យមានការយល់ព្រមពីអាជ្ញាធរជាមុនសិន។

ទិន្នន័យជាផ្លូវការបានបង្ហាញថា ទីក្រុងអ៊ីស្តង់ប៊ុលមានជនភៀសខ្លួនស៊ីរី ដែលបានចុះឈ្មោះស្របច្បាប់ជិត ៥៤៨,០០០នាក់។ តែទោះជាយ៉ាងណា បើយោងតាមការប៉ាន់ស្មានរបស់អភិបាលក្រុងអ៊ីស្តង់ប៊ុល តួលេខនេះអាចលើសពី ១ លាននាក់ទៅទៀត៕