(អឺរ៉ុប)៖ សហភាពអឺរ៉ុបកំពុងរៀបចំសេចក្តីព្រាង នៃផែនការជម្រុញវិស័យពាណិជ្ជកម្មមួយ ដើម្បីទប់ទល់នឹងគោលនយោបាយគាំពារនិយម របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ព្រមទាំងប្រជែងជាមួយក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក និងចិន ដែលក្រុមហ៊ុនទីផ្សារបច្ចេកវិទ្យាពិភពលោក។ នេះបើតាមការដកស្រង់ចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅរសៀលថ្ងៃសៅរ៍ ទី២៤ ខែសីហា ឆ្នាំ២០១៩។

ផែនការពាណិជ្ជកម្មខាងលើបានធ្លាក់មុនគេ ទៅក្នុងដៃសារព័ត៌មាន Politico ដែលល្បីល្បាញលំដាប់អន្តរជាតិ។ បន្ថែមពីលើនេះ នៅក្នុងផែនការមានកម្រាស់ ១៧៣ទំព័រដដែល ក្រុមមន្ត្រីគណៈកម្មាការអឺរ៉ុបក៏បានជម្រុញផងដែរ ឲ្យប្រធានគណកម្មាការអឺរ៉ុបទើបជាប់ឆ្នោតថ្មី លោកស្រី អ៊ឺស៊ូឡា វ៉ុនឌែ ឡេយ៉េន (Ursula von der Leyen) បង្កើតមូលនិធិមួយ ដែលនឹងត្រូវវិនិយោគប្រាក់ ១០០ពាន់លានដុល្លារ លើបណ្ដាក្រុមហ៊ុនអឺរ៉ុបនានា។ ប៉ុន្តែខាងសហភាពអឺរ៉ុប មិនទាន់បញ្ចេញប្រតិកម្មណាមួយជុំវិញបញ្ហានេះទេ។

គួរបញ្ជាក់ថា បើតាមផែនការពាណិជ្ជកម្មសហភាពអឺរ៉ុប ក៏បានបង្ហាញផងដែរពីកង្វល់ពាក់ព័ន្ធនឹង ភាពរីកចម្រើនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាចិន និងអាមេរិក ដែលកំពុងគ្រប់គ្រងទីផ្សារបច្ចេកវិទ្យាពិភពលោក ខណៈបច្ចុប្បន្នគ្មានក្រុមហ៊ុនអឺរ៉ុបណាមួយ ដេញតាមទាន់ឥទ្ធិពលក្រុមហ៊ុនជាច្រើន នៃប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរនេះទេ៕