(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា សហរដ្ឋអាមេរិកនៅតែមានទំនាក់ទំនងដ៏ល្អជាមួយកូរ៉េខាងជើង បើទោះជាទីក្រុងព្យុងយ៉ាងបាញ់សាកល្បងមីស៊ីលជាបន្តបន្ទាប់ក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃសៅរ៍ ទី២៤ ខែសីហា ខែសីហា ឆ្នាំ២០១៩។

លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់បែបនេះ ប្រាប់អ្នកសារព័ត៌មាននៅឯសេតវិមាន នៅថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) និងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីកូរ៉េខាងជើងធ្វើតេស្ដមីស៊ីលរយៈចំងាយខ្លីចំនួន ០២គ្រាប់។ លោក ត្រាំ បានគូសបញ្ជាក់យ៉ាងខ្លីដូច្នេះថា «សហរដ្ឋអាមេរិកពិតជាមួយទំនាក់ទំនងដ៏ល្អ ជាមួយកូរ៉េខាងជើង...ហើយលោក គីម ជុងអ៊ុន ពិតជាមនុស្សនិយាយត្រង់... គាត់ពិតជានិយាយត្រង់ៗណាស់ជាមួយខ្ញុំ»។

គួរបញ្ជាក់ថា បើតាមយោធាកូរ៉េខាងត្បូង កូរ៉េខាងជើងនៅព្រឹកថ្ងៃសៅរ៍នេះ បានបាញ់សាកល្បងមីស៊ីលបាលិស្ទីគរយៈចំងាយខ្លីចំនួន ០២គ្រាប់ចូលក្នុងសមុទ្រខាងកើត ឬសមុទ្រជប៉ុន។ មីស៊ីលទាំងពីរគ្រាប់នេះត្រូវបានបាញ់ចេញពីតំបន់សុនដុក (Sondok) នៃខេត្ត ហាមយ៉ុងខាងត្បូង (Hamgyong) មុននឹងវាធ្លាក់ចូលសមុទ្រជប៉ុន។ ម្យ៉ាងវិញទៀត ការបាញ់សាកល្បងមីស៊ីលនេះទៀតសោត គឺជាការធ្វើតេស្ដលើកទី ៧ ហើយចាប់តាំងពីលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន ជួបគ្នានៅឯតំបន់ព្រំដែនអន្តរកូរ៉េ កាលពីខែមិថុនាកន្លងទៅ៕